ព័ត៌មានជាតិ

សម្តេចតេជោ ៖ គណបក្សប្រជាជន បន្តកាន់អំណាច ធ្វើឲ្យប្រទេសនេះ មានសុខសន្ដិភាព

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រកាសថា គណបក្សប្រជាជនកម្ពុជា បន្តកាន់អំណាច ទើបធ្វើឲ្យប្រទេសនេះមានស្ថេរភាព សន្តិភាព និងមានការអភិវឌ្ឍ សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប។

ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ បានណែនាំប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីឈ្នះភ្លុកទឹក ភ្លុកដី បន្តដឹកនាំកម្ពុជាមានការរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំមានកាតព្វកិច្ចនិយាយពន្យល់ ប្រាប់ប្រជាពលរដ្ឋថា បើសិនជាគណបក្ស ប្រជាជនបន្តគ្រប់គ្រងអំណាច វាច្បាស់ណាស់ថា ប្រទេសនេះមានស្ថេរភាព មានសន្តិភាព និងមានការអភិវឌ្ឍ។សម្រាប់គណបក្សដទៃអ្នកទាំងអស់គ្នាច្បាស់ហើយ ឬនៅ? ក្រែងលោវារត់ជាន់គ្នា ប៉ុន្តែ ក្នុងពេលដែលគណបក្ស ប្រជាជនគ្រប់គ្រងអំណាច គឺអត់មានរត់ទៅណាទេ» ។

សម្ដេចតេជោ ក៏បានអរគុណដល់ប្រជាជន នៅទូទាំងប្រទេស បានបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា និងជឿទុកចិត្ត ចំពោះការដឹកនាំរបស់សម្ដេច ក៏ដូចជារាជរដ្ឋាភិបាល ។ សម្ដេចថា ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងប្រកបដោយបរិយាកាសអព្យាក្រឹត្យ គ្មានការគំរាមកំហែង និងប្រកបទៅដោយប្រជាធិបតេយ្យសេរីពហុបក្ស ។

សម្ដេចតេជោបន្ថែមថា នាពេលបច្ចុប្បន្ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទទួលបានការដំឡើងប្រាក់បៀវត្សជាបន្តបន្ទាប់ ខណៈគណបក្សដទៃទៀត កំពុងដេញថ្លៃគ្នា រឿងដំឡើងប្រាក់ខែជូនមន្ដ្រីរាជការ៕

To Top