បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយថាចាប់ពីពេលនេះតទៅ “ទ្វារត្រូវបានបិទ” ហើយចំពោះឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងអង់ការ៉ា លោក Jeffry Flake ដោយបានរិះគន់ចំពោះកិច្ចប្រជុំនាពេលថ្មីៗនេះរបស់អ្នកការទូតជាមួយគូប្រជែងរបស់គាត់នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Erdogan បានចូលរួមក្នុងពិធីមួយនៅក្នុងសង្កាត់ Bagcilar នៃទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអាទិត្យ ដោយឧទ្ទិសដល់ការបើកជាផ្លូវការនូវផ្ទះជិត ១០០ខ្នង និងសម្ភារៈផ្សេងទៀតដែលត្រូវបានសាងសង់ឡើងបន្ទាប់ពីមានការរញ្ជួយដីជាបន្តបន្ទាប់។ នៅក្នុងកិច្ចប្រជុំតាមដានជាមួយក្រុមមន្ត្រីមកពីចលនាស្តាំនិយម Grey Wolves លោកបានផ្តោតលើការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា និងការចោទប្រកាន់ទៅលើបេសកជនអាមេរិកអំពីការរំលោភសិទ្ធិអំណាចការទូតរបស់គាត់។
លោក Erdogan បាននិយាយថា «យើងត្រូវបង្រៀនអាមេរិកនូវមេរៀនមួយក្នុងការបោះឆ្នោតទាំងនេះ»។
ឯកអគ្គរដ្ឋទូតអាមេរិក គឺលោក Flake បានជួបជាមួយមេដឹកនាំនៃគណបក្សសាធារណៈរដ្ឋ (CHP) លោក Kemal Kilicdaroglu នៅថ្ងៃទី ២៩ ខែមីនា “ជាផ្នែកមួយនៃការបន្តការសន្ទនាជាមួយគណបក្សនយោបាយតួកគីលើបញ្ហាផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសរបស់យើងទាំងពីរ” នេះបើយោងតាមការ tweet ពីសហរដ្ឋអាមេរិក។
ក្រោយជំនួបរវាងអគ្គរដ្ឋទូតអាមេរិក ជាមួយនឹងមេដឹកនាំនៃគណបក្សសាធារណៈរដ្ឋ ,លោក Erdogan បាននិយាយធ្ងន់ធ្ងន់ថា “ទ្វាររបស់យើងបិទសម្រាប់គាត់ គាត់មិនអាចចូលបានទៀតទេ។ ហេតុអ្វី? គាត់ត្រូវដឹងពីកន្លែងរបស់គាត់» ។ “វាគួរឱ្យខ្មាស់អៀនណាស់ អ្នកគិតទៅ, អ្នកគឺជាឯកអគ្គរដ្ឋទូត , ដៃគូសន្ទនារបស់អ្នកនៅទីនេះគឺជាប្រធានាធិបតី»៕ប្រែសម្រួលៈ ណៃ តុលា