ព័ត៌មានជាតិ

សម្ដេចតេជោ លើកទឹកចិត្តឱ្យប្រើរថយន្តក្រុង ឬរថយន្តរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តឲ្យប្រើរថយន្តក្រុង ឬរថយន្តរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះ ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតនេះ។

នាឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាង៤ពាន់នាក់ នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ចំពោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ អំឡុងពេលព្រឹត្តិការណ៍ប្រកួត សូមអធ្យាស្រ័យកាត់បន្ថយ ការប្រើប្រាស់យានយន្ត និងសូមលើកទឹកចិត្តឲ្យប្រើរថយន្តក្រុង ឬរថយន្តរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះ សម្រួលដល់ការដឹកជញ្ជូនប្រតិភូកីឡា និងភ្ញៀវអន្តរជាតិ»។

សម្តេចតេជោ អរគុណចំពោះវត្តមានចូលរួមក្នុងពិធីដ៏សែនរីករាយរបស់កម្ពុជា ដែលទន្ទឹងរង់ចាំលទ្ធផលល្អប្រសើរប្រកបដោយកិត្តិយស និងមោទនភាពជាតិ ដែលបានមកពីកិច្ចខិតខំប្រឹងប្រែងបំពេញការងារដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដើម្បីធ្វើឲ្យព្រឹត្តិការណ៍ «កម្ពុជាឆ្នាំ២០២៣» ទទួលបានជោគជ័យដ៏ធំធេង និងធានាឲ្យ «ក្រុមជម្រើសជាតិកម្ពុជា» សម្រេចបាននូវគុណផលកីឡាដ៏ល្អបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

សម្តេចតេជោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងការខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិការជាតិរៀបចំ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត ដែលបានរៀបចំត្រៀមការប្រកួតបានយ៉ាងរលូន និងមានវឌ្ឍនភាពល្អប្រសើរ និងសូមអរគុណដល់សហព័ន្ធកីឡាជាតិបានខិតខំប្រឹងប្រែងអភិវឌ្ឍបច្ចេកទេសកីឡារបស់ខ្លួន គួរជាទីសង្ឃឹមឈានទៅរកឧត្តមភាពក្នុងការប្រកួត ក្នុងនាមម្ចាស់ផ្ទះ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៣២ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។ ព្រឹត្តិការណ៍ SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ព្រឹត្តិការណ៍ ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕

To Top