បរទេស៖ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រចិនក្នុងខេត្ត Fujian កាលពីថ្ងៃពុធ បាននិយាយថា ប្រទេសចិនបានបើកការល្បាតផ្នយោធានៅក្នុងតំបន់ចំនួនពីរនៃច្រកសមុទ្រតៃវ៉ាន់ មុនពេលជំនួបរវាងប្រធានសភាអាមេរិក លោក Kevin McCarthy និងប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅទីក្រុង Los Angeles ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋបាលសុវត្ថិភាពដែនសមុទ្រចិនក្នុងខេត្ត Fujian បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន WeChat ថា “ប្រតិបត្តិការល្បាត និងអធិការកិច្ចរួមពិសេសបានចាប់ផ្តើមនៅថ្ងៃនេះនៅផ្នែកកណ្តាល និងភាគខាងជើងនៃច្រកសមុទ្រតៃវ៉ាន់” ។
រដ្ឋបាលនេះក៏បានភ្ជាប់រូបភាពទៅនឹងសារដែលបង្ហាញពីតំបន់ល្បាត ដែលមានទីតាំងនៅជិតកោះតៃវ៉ាន់ផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃអង្គារថា បន្ទាប់ពីព័ត៌មាននេះ ទីក្រុងប៉េកាំងបានជំទាស់យ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចជំនួបនេះ ដោយសារវាផ្ទុយនឹងគោលការណ៍ចិនតែមួយ និងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេស។
សូមជម្រាបថា កាលពីថ្ងៃទី ២៩ ខែមីនា គណៈប្រតិភូតៃវ៉ាន់ដែលដឹកនាំដោយលោកស្រី Tsai បានចេញដំណើរសម្រាប់ការធ្វើដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃទៅកាន់រដ្ឋអាមេរិកកណ្តាលចំនួនពីរ។ នៅថ្ងៃទី១ ខែមេសា គណៈប្រតិភូបានទៅដល់ Guatemala ជាមួយនឹងការឈប់ក្នុងទីក្រុងញូវយ៉ក ហើយបានទៅបំពេញទស្សនកិច្ចនៅ Belize នៅថ្ងៃទី ៣ ខែមេសា។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា លោកស្រី Tsai នឹងជួបជាមួយលោក McCarthy ក្នុងអំឡុងពេលស្នាក់នៅក្នុងរដ្ឋ California៕ប្រែសម្រួលៈ ណៃ តុលា