ព័ត៌មានជាតិ

ប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ ទទួលស្គាល់ទន្លេមេគង្គផ្តល់ការអភិវឌ្ឍ និងលូតលាស់ផ្នែកសេដ្ឋកិច្ច

ភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាល នៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ បានទទួលស្គាល់នូវកាលានុវត្តភាព ដែលទន្លេមេគង្គផ្តល់សម្រាប់ការអភិវឌ្ឍ និងការលូតលាស់ផ្នែកសេដ្ឋកិច្ច-សង្គម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ ស្ដីពីលទ្ធផលសង្ខេប នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៤ នៅប្រទេសឡាវ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរដ្ឋាភិបាល នៃប្រទេសជាសមាជិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលដែល MRC សម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៣ក្នុងឆ្នាំ២០១៨ ដែលបានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូកាន់តែរឹងមាំក្នុងចំណោមប្រទេសជាសមាជិក និងជាមួយដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ក្រោមទិសស្លោក “មេគង្គតែមួយ ស្មារតីតែមួយ” ដែលប្រទេសជាសមាជិកប្តេជ្ញាចិត្តរួមគ្នា។

ប្រមុខរដ្ឋាភិបាល នៃប្រទេសជាសមាជិក បានទទួលស្គាល់នូវកាលានុវត្តភាព ដែលទន្លេមេគង្គផ្តល់សម្រាប់ការអភិវឌ្ឍនិងការលូតលាស់ផ្នែកសេដ្ឋកិច្ចសង្គម និងធានា ថាសន្តិសុខទឹកជានិរន្តរ៍ គឺជាមូលដ្ឋានទ្រទ្រង់គន្លឹះដ៏សំខាន់មួយ។ តែទន្ទឹមនឹងនោះក៏បានទទួលស្គាល់ផងដែរថា ការអភិវឌ្ឍក៏អាចបង្កជាផលប៉ះពាល់ឆ្លងដែន ដែលចាំបាច់ត្រូវរួមគ្នាដោះស្រាយ រួមបញ្ចូលទាំងផលប៉ះពាល់កើតចេញពីការប្រែប្រួលអាកាសធាតុ។

ប្រមុខរដ្ឋាភិបាល នៃប្រទេសជាសមាជិក បានពិភាក្សាអំពីដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលកំពុងកើតមានក្នុងអាង និងស្នើឱ្យ MRC រួមទាំងដៃគូនិងភាគីពាក់ព័ន្ធទាំងអស់ស្វែងរកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងដើម្បីចាប់យកកាលានុវត្ដភាព និងពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍បើកចំហ មានតម្លាភាព បរិយាបន្ន ការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សមភាព ការពិគ្រោះយោបល់ ការសម្របសម្រួល កិច្ចសហប្រតិបត្តិការ និងការគោរពអធិបតេយ្យភាព។

ប្រមុខរដ្ឋាភិបាល នៃប្រទេសជាសមាជិក បានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបន្តពង្រឹងបន្ថែមទៀតនូវ តួនាទីរបស់ MRC ក្នុងការជួយធានាឱ្យអាងទន្លេមេគង្គ មានសន្តិសុខទឹក ស្បៀងអាហារ និងថាមពល និងប្រកបដោយចីរភាពផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

សូមរំលឹកថា តបតាមការអញ្ជើញរបស់ លោក សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រីឡាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ (Mekong River Commission-MRC) លើកទី៤ ក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ សម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ៕

To Top