ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ បានជំរុញឲ្យក្រុមហ៊ុន ដែលទទួលម៉ៅការ សាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ពន្លឿនការសាងសង់ឲ្យបានលឿន ពោលគឺធ្វើយ៉ាងណាសម្រេចទៅតាមផែនការដែលបានគ្រោងទុក។
ការជំរុញបែបនេះ បានធ្វើឡើងនៅថ្ងៃទី៦ មេសា ឆ្នាំ២០២៣ខណៈលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះជាថ្មីម្តងទៀត ដើម្បីជំរុញការសាងសង់មន្ទីរពេទ្យ នេះឲ្យបានលឿន ទៅតាមអ្វីដែលបានគ្រោងទុក ពិសេសចំពោះកិច្ច ដែលនៅសេសសល់មួយចំនួន។
ក្រៅពីការដើរពិនិត្យដោយផ្ទាល់ហើយនោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក អភិបាលរាជធានីភ្នំពេញ ក៏បានបើកកិច្ចប្រជុំ នៅក្នុងទីតាំងនៃមន្ទីរពេទ្យនេះផងដែរ ដើម្បីរិះរកគ្រប់វិធីសាស្ត្រ ធ្វើយ៉ាងណាឲ្យសំណង់ដ៏សំខាន់មួយនេះ បានរួចរាល់ទៅតាមគម្រោងដែលគ្រោងទុក ពិសេសអគារH3 ដែលជាអគារសម្រាប់វះកាត់ និងព្យាបាលជំងឺកីឡាករ កីឡាការិនី ដែលរងរបួស ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គួរឲ្យដឹងថា តាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន គឺធ្វើយ៉ាងណាឲ្យក្រសួងសុខាភិបាល រៀបចំបន្ទប់វះកាត់និងព្យាបាលជំងឺH3នេះ បានរួចរាល់នៅមុន ការប្រកួតកីឡា ស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ខាងមុខនេះ។
មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេ នៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ ព្រមទាំងអ្នកជំងឺដែលមកពីខេត្ដកណ្ដាល និងកំពង់ស្ពឺ ជាព្រំប្រទល់ជាប់រាជធានីភ្នំពេញ។ ក្នុងករណីដែលមានជំងឺឆ្លង លក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺ ដោយមិនមានការព្រួយបារម្ដនោះទេ មន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដា»។
អគារសម្រាប់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងត្រូវសាងសង់ឲ្យបានរួចរាល់ក្នុងរយៈ ពេល១ឆ្នាំ ដើម្បីបំពេញតំរូវការចាំបាច់ក្នុងការព្យាបាល ជំងឺជូនប្រជាពលរដ្ឋ។ ការចាប់ផ្តើមដំណើរការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ពិតជាបានបង្ហាញឲ្យឃើញពី ការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញតាមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ៕