ព័ត៌មានជាតិ

សម្ដេចតេជោ ព្រមានគ្រប់មន្ដ្រី កុំអាងអំណាច ធ្វើបាបអ្នកទន់ខ្សោយ ក្រោយបញ្ចប់តំណែង អគ្គនាយករងអាកាសចរស៊ីវិល យកកាំភ្លើងភ្ជង់ពលរដ្ឋ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញសារព្រមានចំពោះមន្ដ្រីថា កុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសកុំប្រើប្រាស់អាវុធខុសច្បាប់។

សម្ដេចតេជោ លើកឡើងបែបនេះ ក្រោយពីសម្តេចតេជោ បានសម្រេចបញ្ចប់តំណែងមន្ត្រីអាកាសចរស៊ីវិលម្នាក់ ព្រោះតែការដកកាំភ្លើងភ្ជង់អ្នកដទៃរឿងស៊ីប្លេរថយន្ត។ មន្ត្រីអាកាសចរណ៍ស៊ីវិល ដែលសម្តេចតេជោ បានបញ្ចប់តំណែងនេះ ឈ្មោះ បែល វ៉ាន់ដែត ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

យោងតាមតេឡេក្រាមរបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា «បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេ ទុកឲ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់»។

សម្ដេចតេជោ ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការដើម្បីកុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំ មុនពេលកាត់ទោសដែលជននោះ អាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត ។សូមបញ្ជាក់ថា លោកបែល វ៉ាន់ដែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីដកកាំភ្លើងភ្ជង់គំរាមបុរសម្នាក់ ដែលជានិស្សិតមានឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបុរីជីបម៉ុង៥៩៨ ផ្លូវP04 សង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គ្រាន់តែជនរងគ្រោះបានបើករថយន្តពីខាងក្រោយរថយន្តជនសង្ស័យ រួចស៊ីប្លេរ ទើបជនសង្ស័យខឹង ក៏ឈប់រថយន្តពីមុខរយៈពេលប្រហែល៥នាទី ។ បន្ទាប់មកជនរងគ្រោះ ក៏បើករថយន្តវ៉ាចេញ ធ្វើឲ្យជនសង្ស័យបើករថយន្តដេញតាមរួចដកកាំភ្លើងភ្ជង់គំរាម ។ ភ្លាមៗ ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់បាននៅវេលាម៉ោង១០យប់ ថ្ងៃខែដដែល ។

បន្ទាប់កើតករណីនេះ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានសម្រេចចោទប្រកាន់លើលោកបែល វ៉ាន់ដែន ជាអនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញត និងបទគំរាមកំហែងសម្លាប់៕

To Top