ព័ត៌មានជាតិ

ជប៉ុន កំពុងពិចារណា ផ្តល់ថវិកា ឲ្យកម្ពុជា ទិញរថយន្តប្រើប្រាស់ សម្រាប់កិច្ចប្រជុំអាស៊ាន (វីដេអូ)

ជប៉ុន កំពុងពិចារណា ផ្តល់ថវិកា ឲ្យកម្ពុជា ទិញរថយន្តប្រើប្រាស់ សម្រាប់កិច្ចប្រជុំអាស៊ាន

ជប៉ុន កំពុងពិចារណា ផ្តល់ថវិកា ឲ្យកម្ពុជា ទិញរថយន្តប្រើប្រាស់ សម្រាប់កិច្ចប្រជុំអាស៊ានhttps://www.dap-news.com/national/2020/02/12/32499/

Posted by Dap_News_Website on Wednesday, 12 February 2020

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន កំពុងធ្វើការពិចារណា ផ្ដល់ថវិកាជួយដល់កម្ពុជា ក្នុងការទិញរថយន្ត និងសម្ភារៈ សម្រាប់ការប្រើប្រាស់ ក្នុងការរៀបចំកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២។

នេះជាការលើកឡើង របស់លោក មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ។

ក្រៅពីជួយលើកិច្ចប្រជុំអាស៊ាននេះ ជប៉ុនក៏កំពុងពិចារណា រៀបចំដើម្បីធ្វើយ៉ាងណា ជួយដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ អាស៊ី-អឺរ៉ុប នៅក្នុងឆ្នាំនេះផងដែរ។

ជាមួយគ្នានេះ ជប៉ុននឹងបន្តជួយដល់កម្ពុជា លើវិស័យដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកំពុងតែពិចារណាផ្ដល់ថវិកា បន្ថែមដល់អង្គភាពស៊ីម៉ាក់។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយកម្ពុជា និងបន្តជួយលើវិស័យដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ក៏ដូចជារៀបចំជួយដល់កម្ពុជា ធ្វើយ៉ាងណាឲ្យកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងកិច្ចប្រជុំអាស៊ាន នាពេលខាងមុខ ឲ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះ សម្ដេចតេជោ បានស្នើសុំឲ្យជប៉ុន បន្តជួយដល់កម្ពុជា ធ្វើយ៉ាងណា ពង្រឹងបទដ្ឋានគតិយុត្ត ក៏ដូចជាធ្វើការត្រួតពិនិត្យលើសំណង់ទាំងឡាយ ដែលកម្ពុជា បាននឹងកំពុងសាងសង់ ដើម្បីឲ្យវិស័យនេះមានការរឹងមាំ។

ពាក់ព័ន្ធនឹងកំពង់ផែក្រុងព្រះសីហនុ ដែលជប៉ុន កំពុង តែរៀបចំជួយសហការធ្វើផែនការមេនេះ សម្ដេចបានមានប្រសាសន៍ថា កំពង់ផែក្រុងព្រះសីហនុ មានសារៈសំខាន់គឺជាកំពង់ផែតែមួយគត់ ដែលទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិកម្ពុជា ។

ដោយឡែកជាចុងក្រោយពាក់ព័ន្ធ នឹងការប្រមូលសំរាម សម្ដេចតេជោបានមានប្រសាសន៍ថា នៅពេលនេះ រាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច កំពុងតែដាក់ការប្រមូលសំរាមនេះ ស្ថិតនៅក្នុងអន្តរកាល ព្រោះក្រុមហ៊ុនចាស់ពុំអាចទទួល ការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រការ៉េ ទៅ ៦០០គីឡូម៉ែត្រការ៉េ ហើយនៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច នឹងដាក់ឲ្យដេញថ្លៃ ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមានចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ការប្រមូលសំរាមនេះ ៕

To Top