ព័ត៌មានជាតិ

លោក ជា  វ៉ាន់ដេត៖ «សន្តិភាព» នាំឱ្យប្រជាពលរដ្ឋមានពេលជួបជុំ សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ លោក ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះជួយស្រុកបាទី នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកម្មវិធីសង្រ្កាន្តភូមិ ដើម្បីទទួលទេវតាឆ្នាំថ្មីប្រពៃណីខ្មែរ  ខណៈកម្មវិធីនេះក៏មានការចូលរួម ពីលោក គី តិច ប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់។

កម្មវិធី សង្ក្រានភូមិក្រាំងធ្នង់នេះ រៀបចំឡើងដោយលោក ឈិត បូរ៉ាវុធ អនុប្រធានក្រុមការងារចុះ ជួយឃុំក្រាំងធ្នង់ ហើយទទួលបន្ទុកភូមិក្រាំងធ្នង់ និងសមាជិកមេធាវី ចុះជួយភូមិក្រាំងធ្នង់រួម ជាមួយសមាជិកក្រុមមេធាវី រារដ្ឋាភិបាលចុះជួយឃុំក្រាំងធ្នង់ បងប្អូនប្រជាពលរដ្ឋនៅភូមិ.ឃុំក្រាំងធ្នង់ ទាំងមូលផងដែរ។


សង្រ្កាន្តភូមិ ដែលស្ថិតនៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នេះ ក៏មានការៀបចំសម្តែងរបាំត្រុដិផងដែរ  ដើម្បីអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ ថោះពុទ្ធសករាជ២៥៦៧ ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ។

ការរៀបចំពិធីសម្ដែង របាំឆៃយ៉ាំ និងរបាំត្រុដិនេះ ក៏ដើម្បីបណ្ដេញឧបទ្រពចង្រៃ នៅក្នុងឆ្នាំចាស់ និងនាំមកនូវការរីកចម្រើន សុភមង្គល ព្រមទាំងទទួលបាននូវភាពជោគជ័យ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ នៅភូមិ ឃុំក្រាំងធ្នង់ ក៏ដូចជាប្រទេសខ្មែរទាំងមូលសម្រាប់ឆ្នាំថ្មីនេះផងដែរ។
 
លោក ជា វ៉ាន់ដេត បានលើកឡើងថា ការដែលប្រជាពលរដ្ឋ មានឱកាសជួបជុំគ្នារាំលេង និងលេងល្បែងប្រពៃណីកំសាន្ត នាពេលនេះ គឺដោយសារតែ ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ខណៈប្រទេសមានការអភិវឌ្ឍន៍ គឺដោយសារតែការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមគ្គុទេសឯក។

ជាមួយគ្នានោះដែរលោក គី តិច ប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់ ក៏បានលើកឡើងផងដែរ អំពីភាពរីកចំរើន របស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ហើយលោក ក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋ នៅឃុំក្រាំង ធ្នង់ ក៏ដូចជានៅស្រុកបាទី ខេត្តតាកែវ ទាំងអស់ ត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាព នេះឲ្យខាងតែបាន ហើយដើម្បីមានសុខសន្តិភាព និងការអភិវឌ្ឍនេះ គឺយើងទាំងអស់គ្នាត្រូវបន្តគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា។ មានគណបក្សប្រជាជនកម្ពុជា គឺមានអ្វីៗទាំងអស់។

  លោក គី តិច ក៏បានក្រើនរំលឹកដល់បងប្អូនទាំងអស់ មិនថានៅស្រុកបាទី នោះទេ ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះការធ្វើដំណើរត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ដោយការបើកបរ ត្រូវគោរពច្បាប់ពិន័យ និងអធ្យាស្រ័យដោយខ្លួនឯង ជាជាងខ្លាចនគរបាល វាស់ល្បឿន និងចាប់ផាកពិន័យ។


សូមបញ្ជាក់ថាសង្រ្កាន្តភូមិក្រាំងធ្នង់ ដែលរៀបចំយ៉ាងឱឡារឹកនេះ គឺនឹងបើកឲ្យបងប្អូនមកពីគ្រប់ទិសទីលេងសប្បាយល្បែងប្រជាប្រិយប្រពៃណីខ្មែររយៈពេលបីថ្ងៃ ហើយក្រៅពីល្បែងប្រជាប្រិយក៏មានការបង្គំតន្រ្តី (អកកេះកន្តង់)ផងដែរ ដែលជាការឧបត្ថម្ភពី លោក ឈិត បូរ៉ាវុធ និងក្រុមការងារចុះជួយភូមិ ឃុំនិងស្រកបាទី ទាំងមូល ផងដែរ៕

To Top