ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំបន្ដអភិវឌ្ឍន៍ ប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ ដើម្បីឆ្លើយតបបរិការណ៍ជាតិ និងអន្តរជាតិ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ។

នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍មួយចំនួន ដល់ក្រសួងអប់រំឱ្យបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ។ ជាមួយនេះ ការធានាបាននូវសេវាអប់រំ ដែលមានប្រសិទ្ធភាព និងគុណភាព ប្រកបដោយសមធម៌ បរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ជាពិសេសត្រូវខិតខំរិះរកវិធានការ ដែលកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅគ្រប់កម្រិត។

សម្ដេចតេជោ បន្ដថា បន្ដអភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្ត្រីអប់រំឱ្យបានពេញលេញ មានភាពរស់រវើក និងប្រទាក់ក្រឡាគ្នា តាមរយៈធានាភាពស័ក្តិសិទ្ធនៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមទាំងការកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហ-ប្រតិបត្តិការ ការកសាងគោលនយោបាយ និងផែនការអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់បុគ្គលិកអប់រំ និង គ្រូបង្រៀន។

សម្ដេចតេជោ បន្ថែមថា បន្តអភិវឌ្ឍការអប់រំឌីជីថល សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងបរិការណ៍បរិវត្តកម្មសង្គម និង សេដ្ឋកិច្ចឌីជីថល ដោយត្រូវបន្តធ្វើសមាហរណកម្មវិស័យ បច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិតនៃប្រព័ន្ធអប់រំ បំពាក់បន្ទប់ពិសោធន៍ឌីជីថល តភ្ជាប់បណ្តាញអគ្គិសនី និងអ៊ីនធើណិតនៅតាមគ្រឹះស្ថានសិក្សា លើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន ការបញ្ចូលការប្រើប្រាស់ បច្ចេកវិទ្យាទៅក្នុងការបង្រៀន និងរៀន ការកែលម្អមាតិកាឌីជី-ថល និងការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកាឌីជីថលឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ៕

To Top