ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ប្រកាសតែងតាំងផ្លាស់ប្តូរ មុខតំណែងជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូមុខតំណែង ជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

លោកនាយឧត្តមសេនីយ៍ សូមចូលរួមអបអរសាទរជាមួយលោកវរសេនីយ៍ឯក សោម សុភាវុធ ដែលទទួលបានការទុកចិត្តពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងជាមេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយដែលត្រូវប្រកាសនាពេលនេះ ដើម្បីអាចចាប់ផ្តើមបំពេញតួនាទី ចូលរួមដឹកនាំពង្រឹងតំបន់ប្រតិបត្តិការ សឹករងកំពង់ធំឱ្យបានរឹងមាំ និងរីកចម្រើន ដោយក្នុងនេះ ត្រូវយកចិត្តទុកដាក់លើភារកិច្ចសំខាន់ៗ ៣ រួមមាន៖ ចូលរួមថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំ ជំនាន់មុនដែលបានកសាង, កសាងពង្រឹងអង្គភាពបន្ថែមលើគ្រប់វិស័យ និងបន្តសមិទ្ធផលទាំងនេះដើម្បីរៀបចំជាមូលដ្ឋានទុកឱ្យនាយទាហានបន្តវេនទៅមុខទៀត។

លោក ក៏សូមសម្តែងនូវ ការកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ច រហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនគួឱ្យកត់សម្គាល់ ព្រមជាមួយនឹងការកសាង ពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដូចដែលស្តែងឡើងតាមរយៈការសម្រេច បាននូវការកសាងនូវសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងបន្ថែមទៀត លើសពីនេះ អង្គភាពក៏បានចូលរួមយ៉ាងសកម្ម លើការងារអតីតយុទ្ធជន និងការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាត និងគ្រោះធម្មជាតិនានា ជាដើម។

លោកម៉ាណែត ក៏សូមវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគទី៤ ក៏ដូចជាគ្រប់បណ្តាកងឯកភាពចំណុះ ដែលបានខិតខំយកចិត្តទុកដាក់ បំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន និងបានចូលរួមសហការជាមួយ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជំនាញ ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងភូមិសាស្ត្រទទួលខុសត្រូវ បានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងរយៈកន្លងមកនេះ ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់អំទ្បុងពេល នៃការអបអរសាទររីករាយពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ផងដែរ ៕

To Top