តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលដែលទំនងជាមីស៊ីលបាលីស្ទិក នៅថ្ងៃព្រហស្បតិ៍នេះ ដោយជំរុញឱ្យប្រព័ន្ធប្រកាសអាសន្ន របស់ជប៉ុនព្រមានថា វាអាចធ្លាក់មកក្បែរកោះហុកកៃដូ។
ក្រោយមក រដ្ឋាភិបាលបានដកការព្រមានថា មីស៊ីលអាចធ្លាក់នៅតំបន់ជុំវិញកោះសំខាន់ ខាងជើងរបស់ជប៉ុន។ ឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងថា មីស៊ីលផ្លោងដ៏មានសក្តានុពល ទំនងជាធ្លាក់រួចទៅហើយ ដោយមិនបានបញ្ជាក់លម្អិតនោះទេ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីលមិនបានធ្លាក់ក្នុងទឹកដីរបស់ប្រទេសជប៉ុន ឬតំបន់សេដ្ឋកិច្ចផ្តាច់មុខនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង រយៈចម្ងាយមធ្យម ឬយូរជាងនេះ ពីក្បែរទីក្រុងព្យុងយ៉ាង ឆ្ពោះទៅកាន់សមុទ្រជប៉ុន៕ ប្រែសម្រួល ឈូក បូរ៉ា