បរទេស៖ មនុស្សបួននាក់បានរងការវាយប្រហារដោយគ្រាប់កាំភ្លើងខុសបច្ចេកទេស (ផ្លាត) និង មនុស្សបួននាក់ទៀត បានរងរបួសស្រាល ខណៈព្យាយាមរត់គេចខ្លួន នៅពេលដែលបុរសម្នាក់បានបើកការបាញ់ប្រហារនៅ ខាងក្រៅបារមួយ ក្នុងទីក្រុងបាងកកកាលពីព្រឹកថ្ងៃចន្ទ។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ទៀបភ្លឺនៅខាងក្រៅបារ Ornic Pub លើផ្លូវ Royal City Avenue (RCA) ។ ពិធីជប់លៀងលេងសង្ក្រាន្តបាញ់ទឹក បានកើតឡើងយ៉ាងពេញទំហឹង ពេលបុរសម្នាក់បានបង្ហាញមុខ ហើយចាប់ផ្តើម ឈ្លោះ ជាមួយអ្នកចូលរួមផ្សេងទៀតដែលចូលរួមសង្ក្រាន្តនោះ។ សាក្សីបាននិយាយថា ជម្លោះមួយបានផ្ទុះឡើង ហើយអ្នកចំណូលថ្មីបានដកកាំភ្លើង និងបាញ់ជាច្រើនគ្រាប់ផ្ចុចមកដី ដើម្បីបំភ័យមិត្តភ័ក្តិរបស់បុរសម្នាក់ទៀត។
គ្រាប់កាំភ្លើងទំនងជាបានផ្លាតពីដី ហើយទៅត្រូវលើមនុស្សបួននាក់នៅក្បែរនោះ។ អ្នកដែលរងរបួសដោយ គ្រាប់កាំភ្លើងគឺសុទ្ធតែជាយុវជន អ្នករបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបាងកក។
សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយបានរកឃើញសំបកគ្រាប់ចំនួន១០គ្រាប់នៅក្នុងតំបន់កើតហេតុ ។ គេក៏បានចាប់ខ្លួនជនសង្ស័យផងដែរ ប៉ុន្តែគេបដិសេធមិនបញ្ចេញអត្តសញ្ញាណ៕