ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានសាទរ កិច្ចសហប្រតិបត្តិការ យោធារវាងប្រទេសរបស់ពួកគេ ចំពេលមានភាពតានតឹងជាមួយលោកខាង លិចជុំវិញសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត។
ក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Shangfu នៅទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ លោក ពូទីន បានលើកឡើងពី កិច្ចសហប្រតិបត្តិការ ការពារជាតិរបស់ប្រទេសរបស់លោកជាមួយប្រទេសចិន ហើយបានលើកឡើងថា សមយុទ្ធយោធារួម រួមទាំងសមយុទ្ធជើងគោក កងទ័ពជើងទឹក និងទ័ពអាកាស ត្រូវបានធ្វើឡើងនៅអឺរ៉ុប និងចុងបូព៌ា។
ដំណើរទស្សនកិច្ចរបស់លោក Shangfu ធ្វើឡើងមួយខែបន្ទាប់ពីប្រធានាធិបតីចិន ស៊ី ជីនពីង បានជួបជាមួយមេដឹកនាំរុស្ស៊ីនៅទីក្រុងមូស្គូ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីអះអាងភាពជាដៃគូ “គ្មានដែនកំណត់” របស់ពួកគេ ខណៈដែលពួក គេពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងការពារជាតិរបស់ពួកគេ។
លោក ពូទីន បាននិយាយអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារ ជាតិរបស់ពួកគេកាលពីថ្ងៃអាទិត្យថា “ខ្ញុំគិតថាវាជាផ្នែក សំខាន់មួយទៀតដែលពង្រឹងលក្ខណៈ យុទ្ធសាស្ត្រផ្អែកលើទំនាក់ទំនងរបស់យើង ទំនាក់ទំនងរវាងរុស្ស៊ី និងចិន លោកក៏បានបន្ថែមថា រដ្ឋមន្ត្រីការពារជាតិចិន “មានកម្មវិធីការងារដ៏សម្បូរបែប” នៅក្នុងប្រទេសរុស្ស៊ី។
លោក ពូទីន បានលើកឡើងថា “យើងកំពុងធ្វើការយ៉ាងសកម្មតាមរយៈ នាយកដ្ឋានយោធារបស់យើង ផ្លាស់ប្តូរព័ត៌មានមានប្រយោជន៍ជាទៀងទាត់ ធ្វើការរួមគ្នាក្នុងវិស័យកិច្ចសហប្រតិបត្តិការបច្ចេកទេស យោធា និងធ្វើសមយុទ្ធរួមគ្នា” ។
លោក Shangfu កំពុងជួបជាមួយសមភាគីរុស្ស៊ីលោក Sergei Shoigu ដើម្បីពិភាក្សាអំពី “ស្ថានភាពបច្ចុប្បន្ន និងការរំពឹងទុក សម្រាប់ការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យការពារជាតិ ក៏ដូចជាបញ្ហាបច្ចុប្បន្ន នៃសន្តិសុខសកល និងតំបន់” ៕
ប្រែសម្រួល ឈូក បូរ៉ា