ព័ត៌មានអន្តរជាតិ

Update៖ មេដឹកនាំកូរ៉េខាងជើង បញ្ជាក់ថា ខ្លួនត្រៀមសម្រាប់បាញ់បង្ហោះផ្កាយរណប ចារកម្មជាលើកដំបូង

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ថា ការត្រៀមរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ប្រទេសនេះ គួរតែដំណើរការទៅមុខ ដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថា ការគំរាមកំហែងពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា (KCNA )បានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះ ។

ក្រុមអ្នកវិភាគបានលើកឡើងថា ផ្កាយរណបយោធាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្តាច់មុខ ក្នុងការជំរុញបច្ចេកវិទ្យាឃ្លាំមើល រួមទាំងយន្តហោះគ្មានមនុស្សបើក ដើម្បីកែលម្អសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារគោលដៅក្នុងករណីមានជម្លោះកើតឡើង ។

គួររំលឹកថា កាលពីខែធ្នូ ប្រទេសកូរ៉េខាងជើង បានធ្វើអ្វីមួយដែលខ្លួនហៅថា ជា “ដំណាក់កាលចុងក្រោយ” ការសាកល្បងដ៏សំខាន់មួយសម្រាប់ផ្កាយរណបចារកម្ម ហើយបានឲ្យដឹងថា ខ្លួននឹងបញ្ចប់ការរៀបចំសម្រាប់ការបាញ់បង្ហោះនៅខែក្នុងមេសានេះ ។ នៅពេលនោះ គេបានឃើញមានការបានបញ្ចេញរូបភាពសខ្មៅនៃរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង ដែលកូរ៉េខាងជើងបានលើកឡើងថា ត្រូវបានគេថតក្នុងអំឡុងពេលធ្វើតេស្ត ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានផ្សាយថា នៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីភ្នាក់ងារអវកាសផ្លូវការកាលពីថ្ងៃអង្គារ លោក គីម បានប្រាប់ដល់ក្រុមមន្ត្រីឱ្យធានាថា ការបាញ់បង្ហោះបានដំណើរការទាន់ពេល ហើយថែមទាំងបានបញ្ជាឱ្យបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាច្រើនបន្ថែមទៀត ។

ទីភ្នាក់ងារ KCNA បានផ្សព្វផ្សាយថា ការផលិតផ្កាយរណបត្រូវបានបញ្ចប់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា ពេលណាការបាញ់បង្ហោះត្រូវបានកំណត់ពេលនោះទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top