ព័ត៌មានជាតិ

ក្រសួងអប់រំ កំណត់យកថ្ងៃទី៦-៧ វិច្ឆិកា ជាកាលបរិច្ឆេទប្រឡងបាក់ឌុប

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ជាកាលបរិច្ឆេទ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាពេលថ្មីៗនេះ បានឲ្យដឹងថា «ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដំណើរការសំណេរ ថ្ងៃចន្ទ-អង្គារ។ គណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត ត្រូវចល័តក្នុងរាជធានី-ខេត្ត តាមមណ្ឌល ប្រឡង ដែលខ្លួន ទទួលខុសត្រូវ»។

ក្រសួង បន្ដថា ចំពោះ ដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ នៅតាមមណ្ឌលកំណែប្រមូលផ្ដុំ រាជធានីភ្នំពេញ។

ក្រសួង បន្ថែមថា ចំពោះ សមាសភាពគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ប្រធានអង្គភាពថ្នាក់ជាតិ និងប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តត្រូវធ្វើសំណើសមាសភាព គណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ជូនប្រធាននាយកដ្ឋានកិច្ចការប្រឡង ដោយភ្ជាប់ជាមួយសេចក្តី ព្រាងសំណើគណៈមេប្រយោគមណ្ឌលកំណែ និងបញ្ជីរាយនាមផ្សេងៗ ដើម្បី ដាក់ជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យ និងសម្រេច។

ជាមួយគ្នានេះ ក្រសួងអប់រំ បានឲ្យដឹងទៀតថា ការរៀបចំសមាសភាពមេប្រយោគ គ្រប់ គណៈកម្មការទាំងអស់ ត្រូវជ្រើសរើសក្នុងចំណោមបុគ្គលិកអប់រំ ដែលមានសុខភាពល្អ សមត្ថភាព សុចរិតភាព បទពិសោធ ស្នាដៃល្អ និងមានភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហា ដែលនឹងកើតឡើងជាយថាហេតុ៕

To Top