SEA GAME

រដ្ឋមន្ដ្រីសុខា​ភិបាល​ឱ្យ​រៀបចំផែនការ ការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ SEA GAMES

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំឲ្យរៀបចំផែនការ ការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នៅប្រទេសកម្ពុជា។

តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៩ មេសា នេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នោះ នឹងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលរួមទស្សនាការប្រកួតកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងទីកន្លែងប្រកួតសំខាន់ៗមួយចំនួនទៀត នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។

លោក រដ្ឋមន្ដ្រី បានឲ្យដឹងថា «ដើម្បីត្រៀមផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) នាពេលខាងមុខ ក្រសួងសុខាភិបាលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់គ្រប់អង្គភាពក្រោមឱវាទពាក់ព័ន្ធ និងមានការចូលរួមពីមូលដ្ឋានសុខាភិបាលឯកជនមួយចំនួន ដើម្បីរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់»។

លោក រដ្ឋមន្ដ្រី បន្ដថា ក្នុងករណីប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមស្វែងរកសេវាសុខភាព និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃ នៅតាមទីតាំងដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ និងសូមជូនភ្ជាប់មកជាមួយ នូវតារាងកំណត់ទីតាំង (QR CODE) ប្រភេទរថយន្តគិលានសង្គ្រោះ ឈ្មោះមន្ត្រីបុគ្គលិកទទួលខុសត្រូវ និងលេខទូរស័ព្ទតាមទីតាំងនីមួយៗ។ ក្រសួងសុខាភិបាល នឹងធ្វើបច្ចុប្បន្នភាពទីតាំងផ្តល់សេវាសុខភាព និងសង្គ្រោះបន្ទាន់តាមស្ថានភាពជាក់ស្តែង៕

To Top