បរទេស៖ យោធាចិនអាចនឹងដាក់ពង្រាយយន្តហោះដ្រូនស៊ើបការណ៍រយៈ កម្ពស់ខ្ពស់ល្បឿនលឿនជាង សំឡេង៣ដងក្នុងពេលឆាប់ៗនេះ ដែលពង្រឹងសមត្ថភាពរបស់ប្រទេសចិន ក្នុងការធ្វើប្រតិបត្តិការឃ្លាំមើល។ នេះបើយោងតាមការលេចធ្លាយរបាយការណ៍ ទីភ្នាក់ងារស៊ើបការណ៍ ភូមិសាស្ត្រជាតិ (NGIA) ដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក WZ-8 គឺជាប្រព័ន្ធឃ្លាំមើលដ៏ទំនើប ដែលអាចពង្រឹងសមត្ថភាពរបស់ប្រទេសចិន ក្នុងការធ្វើប្រតិបត្តិការប្រមូលព័ត៌មាន និងកំណត់គោលដៅ។
របាយការណ៍នេះបង្ហាញថា កងទ័ពរំដោះប្រជាជន (PLA) កំពុងធ្វើឱ្យមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ដែលអាចជួយឱ្យវាកំណត់គោលដៅលើនាវាចម្បាំងអាមេរិកជុំវិញកោះតៃវ៉ាន់ និងមូលដ្ឋានយោធានៅក្នុងតំបន់។
របាយការណ៍បែកធ្លាយនោះ ក៏បានអះអាងផងដែរថា PLA បាន “ស្ទើរតែប្រាកដណាស់” គឺបានបង្កើតអង្គភាពយានជំនិះគ្មានមនុស្សបើកដំបូងរបស់ខ្លួននៅឯមូលដ្ឋាន ដែលស្ថិតនៅក្រោមបញ្ជាការ Eastern Theater Command ដែលជាសាខានៃយោធាចិនដែលទទួលខុសត្រូវលើការពង្រឹងអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងលើកោះតៃវ៉ាន់។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានទទួលការវាយតម្លៃនៃកម្មវិធី ដ្រូន WZ-8 ពីរូបភាពនៃឯកសារដែលបានចាត់ថ្នាក់ ដែលបានបង្ហោះនៅលើ Discord ដែលជាសេវាកម្មជជែកជាក្រុមពេញនិយមសម្រាប់អ្នកលេងហ្គេម ដែលត្រូវបាន ចោទប្រកាន់ ដោយសមាជិកម្នាក់នៃឆ្មាំជាតិអាកាសរដ្ឋ Massachusetts ៕
ប្រែសម្រួលៈ ណៃ តុលា