ភ្នំពេញ ៖ អាជ្ញាធរខេត្តកណ្ដាល បានឲ្យដឹងថា ករណីបាក់ច្រាំងទន្លេបាសាក់ ស្ថិតនៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋខូចខាតចំនួន ៤០ខ្នង។
ក្នុងនោះ ផ្ទះដែលរលំទាំងស្រុងមានចំនួន ២ខ្នងផ្ទះ, ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៨ខ្នងផ្ទះ, ផ្ទះដែលប៉ះពាល់ស្រាលមានចំនួន ១០ខ្នងផ្ទះ។
យោងតាមលិខិតរបស់ រដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី២៤ មេសានេះ បានឱ្យដឹងថាទឹកទន្លេបានស្រកចុះទើបបណ្តាលឲ្យមានការទាញដី ធ្វើឱ្យមានការប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរស់នៅលើច្រាំងទន្លេ ហើយទម្ងន់ផ្ទះបានដាក់បន្ទុកទៅលើច្រាំងជាហេតុធ្វើឱ្យមានការបាក់ស្រុតជាជម្រៀកៗ។
ក្នុងលិខិតដដែល បញ្ជាក់ថា “ស្ថានភាព នៃការបាក់ច្រាំង ប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ៤០ខ្នងផ្ទះ ស្មើនឹងចំនួន ២១គ្រួសារ (បញ្ជាក់ ដោយកំណើន ខ្នងផ្ទះច្រើនដោយសារ ក្នុងនោះ ០១គ្រួសារ មានផ្ទះ០២ ឬ០៣ល្វែង) ដែលជាហេតុធ្វើអោយកើនឡើង”។
ជាមួយគ្នានេះ អាជ្ញាធរខេត្ត ក៏បានចុះណែនាំដល់ប្រជាពលរដ្ឋរងគ្រោះ និងទទួលរងផលប៉ះពាល់ គឺត្រូវធ្វើការរើសម្ភារៈ និងទ្រព្យ សម្បត្តិ ដែលមិនទាន់បាត់បង់ចេញពីទីតាំងរងគ្រោះ រៀបចំសុវត្ថិភាព និងធ្វើការបញ្ចៀសការកកស្ទះ និងសម្រួលដល់ការចរាចរណ៍របស់ប្រជាពលរដ្ឋ និងធ្វើការចងខ្សែចំពោះផ្ទះដែលបានរើសម្ភារៈចេញ ជៀសវាងប្រជាពលរដ្ឋចូលទៅរុះរើបន្ត៕