ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើវៀតណាម បន្តទទួលការបណ្ដុះបណ្ដាលសិក្ខាកាមនគរបាលរបស់កម្ពុជា នៅឆ្នាំបន្តបន្ទាប់ទៀត។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ឧត្ដមសេនីយ៍ត្រី បណ្ឌិត ដ័ន មិញលី នាយកមហាវិទ្យាល័យសន្តិសុខប្រជាជនវៀតណាម នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមហាវិទ្យាល័យ និងសាលានគរបាលជាតិវៀតណាម សម្រាប់ការយកចិត្តទុកដាក់បណ្ដុះបណ្ដាល និងការគាំទ្រគ្រប់បែបយ៉ាងដល់សិក្ខាកាមនគរបាលកម្ពុជា។
ក្នុងនាមក្រសួងមហាផ្ទៃកម្ពុជា សម្ដេច ស ខេង បានថ្លែងបញ្ជាក់ថា «ស្នើភាគីវៀតណាម បន្តទទួលការបណ្ដុះបណ្ដាលសិក្ខាកាមនគរបាលកម្ពុជា នៅឆ្នាំបន្តបន្ទាប់ទៀត»។
ជាការឆ្លើយតប ឧត្ដមសេនីយ៍ត្រី បណ្ឌិត ដ័ន មិញលី បានឯកភាព និងគាំទ្រចំពោះសំណើររបស់ សម្ដេច ស ខេង ជាមួយក្ដីសង្ឃឹមថា ភាគីទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា លើវិស័យបណ្ដុះបណ្ដាលនេះបន្ថែមទៀត៕