ព័ត៌មានអន្តរជាតិ

Update៖ ចិន លើកឡើងថា មិនមានការចោទសួរ ណាមួយពាក់ព័ន្ធនឹងការ ទទួលបានឯករាជ្យ របស់អ៊ុយក្រែន ឡើយ

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា ប្រទេសចិន មិនអើពើអំពីការលើកឡើង របស់បេសកជនរបស់ខ្លួនម្នាក់ ដែលបានចោទសួរ អំពីអធិបតេយ្យភាពអ៊ុយក្រែន និងបណ្តាប្រទេស អតីតសហភាពសូវៀតផ្សេងទៀត ។
ក្នុងការអត្ថាធិប្បាយ របស់ឯកអគ្គរដ្ឋទូតប្រចាំទីក្រុងប៉ារីស លោក Lu Shaye កាលពីសប្តាហ៍មុន បានធ្វើឱ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំង ដែលនាំឱ្យមានការអំពាវនាវ ទៅកាន់ទីក្រុងប៉េកាំង ដើម្បីបំភ្លឺលើបញ្ហានេះ ។

នៅថ្ងៃចន្ទនេះ ក្រសួងការបរទេសចិន បានបញ្ជាក់ថា ខ្លួនគោរពឯករាជ្យភាពនៃសាធារណរដ្ឋក្រោយសូវៀតទាំងអស់ ។

គេបានដឹងថា ប្រទេសចិន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៊ី ហើយមិនបានថ្កោលទោសចំពោះការឈ្លានពានរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែនកាលពីឆ្នាំមុននោះទេ ។

ប្រទេសចិន បានមើលឃើញថា ខ្លួនជាតួអង្គសំខាន់ក្នុងការប៉ុនប៉ង នាំមកនូវសន្តិភាពដល់អ៊ុយក្រែន ប៉ុន្តែបានក្លាយជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់កាន់តែខ្លាំងឡើង សម្រាប់រុស្ស៊ី ចំពេលមានទណ្ឌកម្មរបស់លោកខាងលិច ដែលជំរុញដោយការលុកលុយ ហើយមនុស្សជាច្រើន នៅលោកខាងលិចសង្ស័យភាព មិនលំអៀងរបស់ខ្លួនលើបញ្ហានេះ ។

នៅក្នុងបទសម្ភាសន៍មួយ សម្រាប់បណ្តាញព័ត៌មាន LCI របស់បារាំង កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូត Lu ត្រូវបានគេចោទសួរអំពីទស្សនៈ របស់ប្រទេសចិន អំពីស្ថានភាព នៃឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីបានបញ្ចូលនៅក្នុងឆ្នាំ២០១៤ ។

អ្នកសម្ភាសន៍បានតវ៉ាថា ស្ថិតនៅក្រោមច្បាប់អន្តរជាតិ តំបន់នេះគឺជាផ្នែកមួយនៃប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top