ព័ត៌មានអន្តរជាតិ

ការចំណាយយោធា របស់អ៊ុយក្រែន ឈានដល់ទំហំ ៤៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២២

គៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្ដុកហូម (SIPRI) ថាការចំណាយយោធារបស់អ៊ុយក្រែន បានកើនឡើង ៦៤០ភាគរយក្នុងឆ្នាំ២០២២ ដល់ប្រហែល ៤៤ ពាន់លានដុល្លារ។

របាយការណ៍បានឲ្យដឹងថា ការកើនឡើងនៃការចំណាយ ដែលភាគច្រើនបណ្តាលមកពីវិបត្តិអ៊ុយក្រែន គឺជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំនៃការចំណាយយោធារបស់ប្រទេស ដែលមិនធ្លាប់មាន ដែលកត់ត្រានៅក្នុងទិន្នន័យ SIPRI ។

ប្រភពបានឲ្យដឹងថាកាលពីឆ្នាំមុន ការចំណាយលើវិស័យការពារជាតិមានចំនួន ៣៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែន ធៀបនឹង ៣,២ ភាគរយក្នុងឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន​ស៊ិនហួ។

យោងតាម SIPRI បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ អ៊ុយក្រែន គឺជាប្រទេសនាំចូលអាវុធធំជាងគេទី៣ របស់ពិភពលោកបន្ទាប់ពីប្រទេសកាតា និងឥណ្ឌា៕ ឈូក បូរ៉ា

To Top