ព័ត៌មានអន្តរជាតិ

ភាគីជម្លោះនៅស៊ូដង់ ប្រកាសបទឈប់បាញ់រយៈពេល ៧២ម៉ោង

បរទេស៖ កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស ដែលជាគូប្រជែង (RSF) បានយល់ព្រមលើ បទឈប់បាញ់រយៈពេល ៧២ម៉ោង ដែលចាប់ផ្តើមពីថ្ងៃអង្គារ។

ព័ត៌មាននេះកើតឡើងបន្ទាប់ពីការបរាជ័យក្នុងការឈានដល់បទឈប់បាញ់រយៈពេល ២៤ ម៉ោងកាលពីសប្តាហ៍មុន ចំពេលមានជម្លោះប្រដាប់អាវុធដ៏ហឹង្សារវាងក្រុមទាំងពីរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា RSF បាននិយាយនៅក្នុង សេចក្តីថ្លែង ការណ៍មួយកាលពីថ្ងៃចន្ទថា “បទឈប់បាញ់នេះមានគោលបំណងបង្កើតច្រករបៀងមនុស្សធម៌ អនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអ្នកស្រុកទទួលបានធនធានសំខាន់ៗ ការថែទាំសុខភាព និងតំបន់សុវត្ថិភាព ខណៈពេលដែលជម្លៀសបេសកកម្មការទូតផងដែរ” ។

RSF បាននិយាយថា បទឈប់បាញ់ត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក ខណៈដែល SAF បាននិយាយថា កិច្ចព្រមព្រៀងនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត។ SAF បានបង្ហាញក្តីសង្ឃឹមកាលពីថ្ងៃចន្ទថា បទឈប់បាញ់នឹងជួយបង្កើត “លក្ខខណ្ឌមនុស្សធម៌សមរម្យ” សម្រាប់ជនស៊ីវិល។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញឱ្យភាគីទាំងពីរ «រក្សាបទឈប់បាញ់ជាបន្ទាន់ និងពេញលេញ»។

ទោះយ៉ាងណាក៏ដោយកាលពីថ្ងៃអង្គារ RSF បានចោទប្រកាន់ “ភាគីម្ខាងទៀត” ពីបទរំលោភលើបទឈប់បាញ់ដោយ “យន្តហោះរបស់ខ្លួនហោះហើរពីលើទីក្រុង Khartoum” ដែលជារដ្ឋធានីរបស់ប្រទេស។ ក្រុមនេះបានរំលឹកឡើងវិញនូវ “ការប្តេជ្ញាចិត្តដាច់ខាត” របស់ខ្លួនចំពោះកិច្ចព្រមព្រៀងនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top