ព័ត៌មានជាតិ

កម្ពុជា ធ្វើជាអគ្គលេខាធិការអាណត្តិដំបូង របស់សម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា ត្រូវបានធ្វើជាអគ្គលេខាធិការសម្រាប់អាណត្តិដំបូង របស់សម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី នាអាណត្តិឆ្នាំ២០២៣-២០២៤ ដោយមានសំឡេងភាគច្រើន។

អង្គសន្និបាតសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ប្រទេសចំនួន ២២ និងអង្គការអន្តរជាតិចំនួន ៣ ចូលរួមសន្និបាតសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន។

លោក គង់ វីរៈ អនុរដ្ឋលេខាធិការ បានចូលរួមសន្និបាតខាងលើក្នុងនាម ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈកម្ពុជា និងជាតំណាង លោកស្រី បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី។
សន្និបាតនេះ មានរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន ៖ ១-ការអនុម័តលើសេចក្តីព្រាងលក្ខន្តិកៈ ,២-គ្រោងការងារសម្រាប់ឆ្នាំ២០២៣-២០២៤ ,៣-ការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ និង៤-ការអនុម័តសេចក្តីប្រកាសទីក្រុងស៊ីអាននៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី។

ជាមោទកភាពសម្រាប់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក គង់ វីរៈ ត្រូវបានអង្គសន្និបាត បោះឆ្នោតឱ្យធ្វើជាអគ្គលេខាធិការសម្រាប់អាណត្តិដំបូង របស់សម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី នាអាណត្តិឆ្នាំ២០២៣-២០២៤ ដោយសម្លេងភាគច្រើន។

សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១០ ដែលជាស្ថាបនិករបស់សម្ព័ន្ធ ភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី។ ហើយសម្ព័ន្ធភាពនេះបង្កើតឡើងក្នុងគោលបំណង រៀបចំយន្តការអន្តររដ្ឋាភិបាលសម្រាប់កិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌ក្នុងចំណោមប្រទេសអាស៊ី៕

To Top