ព័ត៌មានជាតិ

បទវិភាគ៖ ប្រជាជនស្រុក Okinawa ចង់បានសន្តិភាព មិនចង់បានគ្រាប់មីស៊ីលទេ

កាលពីថ្ងៃទី២៤ខែមេសា រដ្ឋាភិបាលជប៉ុនបានប្រកាសថា នឹងដាក់ពង្រាយប្រព័ន្ធគ្រាប់មីស៊ីលការពារដែនអាកាស PAC-3 នៅលើកោះចំនួនពីរនៃស្រុក Okinawa ។ ប្រព័ន្ធសារព័ត៌មានក្នុងតំបន់បានរិះគន់ថា ទង្វើរបស់រដ្ឋាភិបាលជប៉ុន ដែលពង្រីកសព្វាវុធឥត ឈប់ឈរគឺល្មើសនឹង “រដ្ឋធម្មនុញ្ញសន្តិភាព” ហើយក៏នាំមកនូវការគំរាមកំហែងដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់ផងដែរ ។


ដើម្បីបង្ហាញពីការទាមទារសន្តិភាព នៅថ្ងៃទី២៤និងថ្ងៃទី២៥ខែមេសាកន្លងទៅនេះ គណៈប្រតិភូសមាជិកសភានៃស្រុក Okinawa បានដាក់លិខិតសម្រេចចិត្តស្តីពីមតិយោបល់ការទូតប្រកបដោយ សន្តិភាពដែលអនុម័តដោយ សភាស្រុកជូនចំពោះ ក្រសួងការពារជាតិ ទីស្តីការគណៈរដ្ឋមន្ត្រីនិងក្រសួងការបរទេសរបស់ជប៉ុន ។

លិខិតសម្រេចចិត្តនេះចោទជាមន្ទិលសង្ស័យចំពោះ “ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ”ថ្មីដែលជប៉ុនបាន អនុម័តនៅចុងឆ្នាំទៅមិញ ដោយទាមទារឱ្យរដ្ឋាភិបាលជប៉ុនគោរពតាមគោលការណ៍ នានាដែលបានកំណត់ក្នុង ឯកសារនយោបាយចំនួន៤រវាងចិននិងជប៉ុន ជំរុញចំណងមិត្តភាពរវាងចិននិងជប៉ុន ក៏ដូចជាបង្កើតសន្តិភាព យ៉ាងសកម្មតាមរយៈ កិច្ចសន្ទនានិងទម្រង់ការទួត ។


ដូចលិខិតសម្រេចចិត្តអ៊ីចឹងដែលចោទជាមន្ទិលសង្ស័យចំពោះ គោលនយោបាយការទូតដ៏ខុសឆ្គងចំពោះប្រទេសចិន នៃរដ្ឋាភិបាលជប៉ុនក្នុងនាមជាសភាក្នុងតំបន់គឺជាលើកទីមួយក្នុងប្រទេសជប៉ុន ។ វាបានបង្ហាញពីសំឡេង រួមរបស់ប្រជាជនស្រុក Okinawa ចំនួន១លាន៤សែន៦ម៉ឺននាក់ ហើយក៏តំណាង ឱ្យស្នូរសម្រែកនៃកម្លាំងសន្តិភាព ក្នុងប្រទេសជប៉ុនដែរ ដូច្នេះ រដ្ឋាភិបាលជប៉ុនមិនត្រូវធ្វើពុតជាមិនដឹងមិនឮនោះទេ ។


ប៉ុន្មានឆ្នាំចុងក្រោយនេះ និម្មាបនកម្មនយោបាយពិភពលោកបានប្រែប្រួលយ៉ាងស៊ីជម្រៅ ។ ទន្ទឹមនឹងការដែលសហរដ្ឋអាមេរិកចាត់ទុកប្រទេសចិនថា ជា “ដៃគូប្រកួតប្រជែងដ៏សំខាន់បំផុត”យ៉ាងខុសឆ្គង អង្គការណាតូបានជ្រៀតជ្រែក កិច្ចការអាស៊ីប៉ាស៊ីហ្វិកឥតឈប់ឈរ ដូច្នេះ កម្លាំងនយោបាយស្តាំនិយមរបស់ជប៉ុន យល់ឃើញថា បានរកបានឱកាសសម្រាប់បំពាន “រដ្ឋធម្មនុញ្ញសន្តិភាព”និងធ្វើឱ្យយោធានិយមរស់ឡើងវិញ ។ ពួកគេបានឃោសនាបំប៉ោង “ការគំរាមកំហែងរបស់ប្រទេសចិន”ឥតឈប់ឈរ បន្ថែមថវិកាការពារជាតិយ៉ាងខ្លាំង អភិវឌ្ឍអាវុធវាយសម្រុក ខំព្យាយាមទទួលបានសមត្ថភាពវាយប្រហារសត្រូវ ដើម្បីប៉ុនប៉ងធ្វើវិទ្ធង្សនាសណ្តាប់ធ្នាប់ អន្តរជាតិក្រោយពីសង្គ្រាមលោកលើកទីពីរ ។


ប៉ុន្មានឆ្នាំកន្លងទៅនេះ កងស្វ័យការពារជប៉ុនក៏បាន ពង្រីកកម្លាំងឥទ្ធិពលរបស់ខ្លួននៅស្រុក Okinawa ជាបន្តបន្ទាប់ដែរ ។ កាលពីខែធ្នូឆ្នាំទៅមិញ រដ្ឋាភិបាលជប៉ុនបានអនុម័តលើឯកសារ ចំនួនបីស្តីពីការការពារសន្តិសុខ ដែលសុទ្ធតែបានលើកឡើងដល់ការបង្កើនកងកម្លាំងស្វ័យការពារជប៉ុនដែលបោះប្រចាំនៅស្រុក Okinawa  ហើយនឹងពង្រីកក្របខ័ណ្ឌប្រើប្រាស់ព្រលានយន្តហោះ និងកំពង់ផែក្នុងតំបន់នៃកងកម្លាំងស្វ័យការពារជប៉ុនផងដែរ ។ ប្រព័ន្ធសារព័ត៌មានក្នុងតំបន់បានលើកឡើងថា រដ្ឋាភិបាលជប៉ុនគឺចង់ធ្វើឱ្យស្រុក Okinawa ក្លាយជា “ប៉មប្រយុទ្ធ” ។


ដោយសាររងទុក្ខវេទនាពីសង្គ្រាមជាយូរណាស់ហើយ ប្រជាជនស្រុក Okinawa បានដឹងច្បាស់ពីគុណតម្លៃដ៏ថ្លៃថ្លា របស់សន្តិភាព ។ កាលពីថ្ងៃទី២៤ខែមេសា សមាគមអ្នកក្រុងជប៉ុនជាច្រើនក៏បាន ប្រកាសថា នឹងរៀបចំធ្វើមីទ្ទីងសន្តិភាព ទ្រង់ទ្រាយធំនៅថ្ងៃទី២១ខែឧសភា ដើម្បីប្រឆាំងកងកម្លាំងស្វ័យការពារដាក់ពង្រាយកងទ័ពគ្រាប់មីស៊ីលនៅស្រុក Okinawa ក៏ដូចជាអំពាវនាវថា “កុំឱ្យស្រុក Okinawa ក្លាយជាសមរភូមិ” ។


ប្រជាជនស្រុក Okinawa ចង់បានសន្តិភាព មិនចង់បានគ្រាប់មីស៊ីលទេ ។ ចំពោះសំណូមពរដ៏ត្រឹមត្រូវរបស់ពួកគេ រដ្ឋាភិបាលជប៉ុនគួរតែត្រងត្រាប់ស្តាប់យ៉ាងផ្ចិតផ្ចង់ ។ សំដៅចំពោះបញ្ហាដែលថា តើនឹងពុះពារឧបសគ្គ និងកាត់បន្ថយបន្ទុកនៃទំនាក់ទំនង រវាងចិននិងជប៉ុនយ៉ាងដូចម្ត៉េច រដ្ឋាភិបាលជប៉ុនកាន់តែត្រូវគិតពិចារណាឱ្យបានល្អ ៕

To Top