ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ​ ណែនាំឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ការប្រកួតកីទ្បាស៊ីហ្គេម

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យកងកម្លាំង មានសមត្ថកិច្ច​ ចំណុះឲ្យគណៈបញ្ជាការឯកភាព​រាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធយកចិត្តទុកដាក់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងតុបតែង រាជធានីភ្នំពេញ ឲ្យមានសោភ័ណភាព ពិសេសត្រូវបង្កលក្ខណៈងាយស្រួល ដល់ក្រុមហ៊ុនតំឡើងLED ទាំង៧ទីតាំង សម្រាប់ការផ្សាយផ្ទាល់ ពីការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម​ លើកទី១២ ។

ការណែនាំរបស់លោក ឃួង ស្រេង បែបនេះបានធ្វើឡើង នារសៀលថ្ងៃទី២៧ខែមេសា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព ការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣​ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានលើកឡើងថា សម្រាប់អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាឲ្យបានល្អនូវអនាម័យ បរិស្ថាន ដើម្បីឲ្យរាជធានីភ្នំពេញ​ នៅតែមានសោភណ្ឌភាពស្អាតជានិច្ច។ បន្ថែមពីនេះទៀត សម្រាប់អាជ្ញាធរខណ្ឌ ត្រូវបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនតំឡើងLED ទាំង៧ទីតាំង ដែលទទួលការផ្សាយផ្ទាល់​ ពីការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឲ្យបានល្អ ជាមួយនិងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ នៅទីតាំងទាំង៧ឲ្យបានល្អផងដែរ។

លោក ឃួង ស្រេង បានបន្តទៀតថា ការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ មានការប្រកួតចំនួន១៥ថ្ងៃ ដូច្នេះយើងត្រូវរៀបចំវេនប្រចាំការឲ្យបានច្បាស់លាស់ ៕

To Top