SEA GAME

រដ្ឋបាលស្រុកខ្សាច់កណ្ដាល ត្រៀមរួចជាស្រេចក្នុងការបញ្ចាំងស្លាយផ្សាយ បន្ដផ្ទាល់ការប្រកួតបាល់ទាត់នៅសួនច្បារព្រែកតាមាក់

" "

កណ្ដាល ៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានត្រៀមរួចជាស្រេចក្នុងការចាក់បញ្ចាំងស្លាយផ្សាយបន្ដផ្ទាល់ នូវព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ស្ថិតនៅសួរច្បារព្រែកតាមាក់​ ឃុំ​ព្រែកតាមាក់​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល។

ក្នុងនោះដែរ​ រដ្ឋបាលស្រុកខ្សាច់កណ្ដាល​ ក៏បានអញ្ជើញប្រជាពលរដ្ឋ ចូលរួមទស្សនាដោយសេរីផងដែរ។

" "

តាមរយៈគេហទំព័រហ្វេសប៊ុក របស់រដ្ឋបាលស្រុកខ្សាច់កណ្ដាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «សូមគោរពអញ្ជើញ ពុកម៉ែ បងប្អូន កូនក្មួយ ប្រជាពលរដ្ឋស្រុកខ្សាច់កណ្ដាលទាំងអស់ អញ្ជើញចូលរួមទស្សនាដោយសេរី ការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នេះតទៅ ព្រមទាំងទស្សនាព្រឹត្តិការណ៍បើក នៅថ្ងៃទី០៥ ខែឧសភា និងពិធីបិទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ របស់ SEA GAMES 2023 នៅសួនច្បារព្រែកតាមាក់»។

" "

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ បានផ្ញើសារណែនាំដល់អភិបាលរាជធានី-ខេត្ត រៀបចំការបញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ ពីការប្រកួតបាល់ទាត់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីសាលទស្សនាមិនអាចផ្ទុកមនុស្សច្រើន តាមតម្រូវការជាក់ស្តែង។ ក្នុងនោះ អាជ្ញាធរ រាជធានី-ខេត្ត ក៏ត្រូវរៀបចាក់បញ្ចាំងស្លាយឲ្យត្រឹមត្រូវ និងការពារសណ្តាប់ធ្នាប់ឲ្យបានល្អ៕

To Top