ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាប សិក្សាស្រាវជ្រាវ និងពិនិត្យលទ្ធភាព ក្នុងការសាងសង់ទ្វារទឹកផ្នែកណាមួយនៅបឹងទន្លេសាប ដើម្បីតម្កល់ទឹកទុក។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រាជរដ្ឋាភិបាល ណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តនៅជុំវិញបឹងទន្លេសាប សិក្សាស្រាវជ្រាវ និងពិនិត្យលទ្ធភាព ក្នុងការសាងសង់ទ្វារទឹកផ្នែកណាមួយនៅបឹងទន្លេសាប ដើម្បីតម្កល់ទឹកទុកក្នុងបឹងទន្លសាបកុំឱ្យទឹកហូរចេញលឿនពេក»។
សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំបន្ថែមត្រូវសិក្សាអំពីផលប៉ះពាល់ផ្សេងៗ លើទិដ្ឋភាពច្បាប់ បរិស្ថាន ដីធ្លី និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ៕