ភ្នំពេញ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់អ្នកគូសប្លង់ និងអ្នកត្រួតពិនិត្យសំណង់ ត្រូវសាងសង់អគារ ចេញភ្ជាប់រចនាបថខ្មែរខ្លះៗ ដើម្បីថែរក្សាអត្តសញ្ញាណជាតិខ្មែរ ជាពិសេសត្រូវគិតគូពីប្រព័ន្ធបង្ហូរទឹកកខ្វក់ ដើម្បីការពារបរិស្ថានផងដែរ ។
ក្នុងវគ្គផ្សព្វផ្សាយ អំពីច្បាប់ស្ដីពី សំណង់ ជូនអ្នកមានវិជ្ជាជីវៈក្នុងវិស័យសំណង់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក ជា សុផារ៉ា បានថ្លែងថា ក្នុងការដ្ឋានមួយកន្លែង ត្រូវមានវិស្វករចំនួន២នាក់ នៅប្រចាំការ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ហើយបើសិនគ្មានវិស្វករ នៅប្រចាំការទេ ការដ្ឋាននោះនឹងចុះបិទភ្លាមៗ ។
លោកមានប្រសាសន៍ថា «យើងចង់បានឲ្យមានការផ្សារភ្ជាប់ នូវអត្តសញ្ញាណជាតិ របស់យើងផង មានន័យថា ទាំងអ្នកគូស ទាំងអ្នកត្រួតពិនិត្យបញ្ជាក់សំណង់ សូមអំពាវនាវជួយបំពាក់ខ្លះៗ មិនមែនទាំងស្រុងទេ ។ ក៏ប៉ុន្ដែ អ្វីដែលជាផលប្រយោជន៍ គឺគាំទ្រ ទៅដល់អត្តសញ្ញាណជាតិ ការលើកកម្ពស់ទៅដល់ វិស័យរបស់យើងកើត នៅក្នុងដីព្រះរាជាណាចក្រកម្ពុជា គឺផ្សារភ្ជាប់នូវ អត្តសញ្ញាណណាមួយក៏បានដែរ មិនមែនទាំងស្រុង នឹងឲ្យមានការផ្សារភ្ជាប់ខ្លះ កុំឲ្យមើលទៅវាមិនមែន ស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
បន្ថែមពីនេះ លោកបានផ្តាំផ្ញើទៅដល់វិស្វករទាំងអស់ នៅពេលបើកការដ្ឋានសាងសង់អគារ បញ្ហាចំបងត្រូវគិតគូរឿងប្រព័ន្ធបង្ហូរ ទឹកកខ្វល់សម្លាប់មេរោគ មុននឹងបង្ហូរចូលលូសាធារណៈ កុំឲ្យមានជាតិពុល ជាពិសេស ការពារបរិស្ថាន ដើម្បីសុខភាពប្រជាជន ។
ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី លើកឡើងថា ក្រសួងបានដាក់ចេញគោលដៅ សម្រាប់គាំទ្រដល់វិស័យអចលនាទ្រព្យ ហើយគាំទ្រដល់អ្នកវិនិយោគ ពីព្រោះកម្ពុជាបើកច្រកទូលាយ ដើម្បីស្វាគមន៍គ្រប់ទិសទីទាំងអស់ ឲ្យមានការវិនិយោគនៅកម្ពុជា។
រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី រំលឹកថា គោលដៅនៃច្បាប់ ស្ដីពី សំណង់ រួមមាន ៖ ធានានៅសុវត្ថិភាព និងភាពរឹងមាំសម្រាប់សំណង់ដែលត្រូវសាង់សង , ធានាផលប្រយោជន៍ជាបុគ្គល , ធានាផលប្រយោជន៍សាធារណៈ , សងស្ថិតនៅលើដី ហើយដីនេះត្រូវមានកម្មសិទ្ធិ ៕
ដោយ ៖ អេង ប៊ូឆេង