ព័ត៌មានជាតិ

សម្តេចតេជោ ៖ ភ្នំពេញ ជាទីក្រុងប្រវត្តិសាស្ត្រ និងសំបូរទៅដោយវប្បធម៌

ភ្នំពេញ ៖ ក្នុងថ្ងៃដ៏អស្ចារ្យ ទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង«បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ » ពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានយកឱកាសនេះ លើកពីទីក្រុងភ្នំពេញ ដែលមានអាយុកាល រាប់រយឆ្នាំថា ភ្នំពេញ គឺជាជាទីក្រុងប្រវត្តិសាស្ត្រ និងសំបូរ ទៅដោយវប្បធម៌ របស់ព្រះរាជាណាចក្រកម្ពុជាដ៏ផូផង់ ។

ក្នុងគ្រាយករមណីយដ្ឋានវត្តភ្នំដែលជាចំណុចកណ្តាលនៃទីក្រុងប្រវត្តិសាស្ត្រខ្មែរដែលជាតំបន់កកើត ឲ្យមានក្រុងភ្នំពេញមកដល់សព្វថ្ងៃ ក្នុងការទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល»ផ្នែកពុទ្ធសាសនានេះ សម្តេចតេជោបានថ្លែងអរគុណដល់ភ្ញៀវ កិត្តិយសមកពីបរទេសថា “អស់លោកនាងកញ្ញាទាំងអស់ដែលបាននិមន្តមកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាដែលជាទីក្រុងប្រវត្តិសាស្រ្ត និងត្រូវបានទទួលស្គាល់ថា ជាទីក្រុងសំបូរទៅដោយវប្បធម៌ ព្រមទាំងជាសក្ខីភាពនៃការរីកចម្រើនខាងព្រះពុទ្ធសាសនា នៅក្នុងសង្គមកម្ពុជា អស់រយៈពេលជាង៥០០ឆ្នាំ”។

សម្តេចថា រាជធានីនេះ ពិតជាសាកសមបំផុត សម្រាប់ការប្រារព្ធទិវាវិសាខបូជា (៤ ឧសភា) ដែលត្រូវបានទទួលស្គាល់ ដោយអង្គការសហប្រជាជាតិថា ជាទិវាពិភពលោកដ៏មានសារៈសំខាន់មួយ សម្រាប់មនុស្សជាតិទាំងមូល។

សូមបញ្ជាក់ថា ភ្នំពេញយកតាមឈ្មោះវត្តភ្នំ ជាទីទួលតូចល្មមមួយ ដែលលម្អពីលើដោយវត្តអារាមមួយ ដែលបានកសាងឡើងនៅឆ្នាំ១៣៧៣ ហើយក៏ជាទីកន្លែងសំគាល់ចាប់បដិសន្ធិតាមព្រេងនិទានរបស់ទីក្រុង ដែលសព្វថ្ងៃវត្តភ្នំមានទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ បរិវេណវត្តភ្នំគេសង្កេតឃើញ ប្រជាជន និងភ្ញៀវទេសចរជាតិ ជាច្រើនបានទៅលេងកំសាន្តនៅទីនោះ ជាពិសេសថ្ងៃបុណ្យជាតិ ឬថ្ងៃបុណ្យប្រពៃណីជាតិធំៗ បង្កើតបានជាភាពសប្បាយរីករាយ និងកន្លែងទីសក្ការៈបូជាសម្រាប់ព្រះពុទ្ធសាសានា និង ពុទ្ធសាសនិក គ្រប់មជ្ឈដ្ឋានផងដែរ៕

To Top