ព័ត៌មានអន្តរជាតិ

ចិន នឹងធ្វើការជាមួយរុស្ស៊ី ដើម្បីនាំមកនូវសន្តិភាព​ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ

បរទេស៖ រដ្ឋមន្ត្រីការបរទេសលោក Qin Gang បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានជួបជាមួយសមភាគីរុស្ស៊ី គឺលោក Sergey Lavrov ថា ចិននឹងធ្វើការជាមួយរុស្ស៊ី ដើម្បីនាំមកនូវសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកការទូតចិនបានពិភាក្សា អំពីបញ្ហានេះនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Goa ប្រទេសឥណ្ឌា។ យោងតាមក្រសួងការបរទេសចិន លោក Qin បាននិយាយថា “ប្រទេសចិននឹងបន្តជំរុញការចរចាសន្តិភាព ហើយមានឆន្ទៈរក្សាទំនាក់ទំនង និងការសម្របសម្រួលជាមួយរុស្ស៊ី ដើម្បីរួមចំណែកជាក់ស្តែង ក្នុងការដោះស្រាយ វិបត្តិនយោបាយ” នេះបើយោងតាមក្រសួងការបរទេសចិន។

ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា អ្នកការទូតបានពិភាក្សាអំពីបញ្ហាអ៊ុយក្រែន ក្នុងចំណោម “បញ្ហាសំខាន់ៗ” ផ្សេងទៀត។ ក្រសួងបានបន្ថែមថា លោក Lavrov និង លោក Qin ថ្កោលទោស “ការអនុវត្តអាណានិគមសម័យថ្មី ដែលមានឥទ្ធិពលបំផ្លិចបំផ្លាញដល់ការអភិវឌ្ឍ នៃប្រទេសភាគច្រើននៃពិភពលោក និងលើគ្រប់វិស័យនៃទំនាក់ទំនងអន្តរជាតិ” ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងមូស្គូ ក្នុងខែមីនា។ កាលពីខែមុន លោក ស៊ី បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky តាមទូរស័ព្ទជាលើកដំបូង ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងរដ្ឋជិតខាងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ បន្ទាប់ពីរឿងនេះ ទីក្រុងប៉េកាំងបានប្រគល់ភារកិច្ចឱ្យលោក Li Hui បេសកជនពិសេសរបស់ប្រទេសចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសរុស្ស៊ី ជាមួយនឹងការជួយឈ្មួញកណ្តាលស្វែងរកសន្តិភាព៕

To Top