តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបាន វាយប្រហារ នៅភាគកណ្តាលនៃប្រទេសជប៉ុននៅថ្ងៃសុក្រនេះ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមានអ្នករងរបួស និងអគារបានបាក់រលំ ។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៥ រ៉ិចទ័រ បានវាយប្រហារតំបន់ Ishikawa នៅម៉ោង២និង៤២នាទីរសៀល ត្រូវនឹងម៉ោង១និង៤២នាទីរសៀល ម៉ោងនៅប្រទេសសិង្ហបុរី ដែលមានជម្រៅ ១២គីឡូម៉ែត្រ។
រថភ្លើង Shinkansen ត្រូវបានផ្អាកដែលធ្វើដំណើររវាងខេត្ត Nagano និង Kanazawa ដែលជាគោលដៅទេសចរណ៍ ដ៏ពេញនិយម ប៉ុន្តែបានដំណើរការឡើងវិញនៅរយៈពេលជិត២ម៉ោងក្រោយមក ។ នេះបើយោងតាមក្រុមហ៊ុន Japan Railway បានបញ្ជាក់ដូច្នេះ ។
មិនមានការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានចេញផ្សាយនោះទេ ។
លោក Hirokazu Matsuno ប្រធានខុទ្ទកាល័យ បានប្រាប់ដល់សន្និសីទសារព័ត៌មានបន្ទាន់មួយថា មនុស្សម្នាក់កំពុងគាំងបេះដូងបន្ទាប់ពីមានគ្រោះរញ្ជួយដី ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ។
លោក Matsuno បានលើកឡើងទៀតថា គ្មានភាពមិនប្រក្រតីណាមួយត្រូវបានគេរាយការណ៍នៅ រោងចក្រថាមពល នុយក្លេអ៊ែរ Shika នៅក្នុងតំបន់ ឬនៅរោងចក្រ Kashiwazaki-Kariwa ក្នុងខេត្តជិតខាង Niigata នោះទេ ។
អាជ្ញាធរអាកាសធាតុរបស់ប្រទេសជប៉ុន បានកែប្រែកម្រិតរញ្ជួយនេះមកនៅត្រឹម៦,៥រ៉ិចទ័រវិញ គឺពីកម្រិត៦,៣រ៉ិចទ័រ ដែលជាកម្រិតបឋម ហើយបានព្រមានពីការរញ្ជួយដីជាបន្តបន្ទាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា