NIIGATA៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ថា លោក Shunichi Suzuki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន នឹងបង្ហាញផែនការមួយ ដើម្បីប្រមូលថវិកាចំនួន១ពាន់លានដុល្លារ ដើម្បីជួយប្រទេសជុំវិញ អ៊ុយក្រែនទទួលយកជនភៀសខ្លួន ពីប្រទេសនេះ ដែលហែកហួរដោយសង្រ្គាម ។
គួរបញ្ជាក់ថា មូលនិធិនេះ នឹងត្រូវបានផ្តល់តាមរយៈធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ហៅកាត់ថា (JBIC) ដែលគ្រប់គ្រងដោយរដ្ឋ ដែលជាធម្មតាផ្តល់ជំនួយក្នុង ទម្រង់នៃការផ្តល់ប្រាក់កម្ចី ការធានា និងការវិនិយោគភាគហ៊ុន ។
លោក Suzuki បានប្រាប់ដល់អ្នកយកព័ត៌មានថា មូលនិធិនេះក៏នឹងត្រូវបានប្រើ ដើម្បីជួយសម្រួលដល់ការវិនិយោគ ដោយក្រុមហ៊ុនជប៉ុន នៅក្នុងប្រទេសទាំងនោះផងដែរ ។ លោក Suzuki បានប្រាប់ដល់អ្នកយកព័ត៌មាននៅពេលលោកទៅដល់ ក្រុង Niigata ភាគខាងជើងនៃទីក្រុងតូក្យូ ដើម្បីធ្វើជាប្រធានកិច្ចប្រជុំរយៈពេល៣ថ្ងៃ នៃមេដឹកនាំហិរញ្ញវត្ថុមកពីក្រុមប្រទេសជឿនលឿនទាំង៧ ហៅថ (G7) ។
លោក Suzuki បានថ្លែងថា នៅលើអ៊ុយក្រែន ក្រុម G7 នឹងបញ្ជាក់ពីការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលបានសន្យារហូតមកដល់ពេលនេះ និងលទ្ធផល នៃកម្មវិធីគាំទ្ររបស់ IMF ខណៈដែលជំរុញការសម្របសម្រួលក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ ដែលកំពុងអភិវឌ្ឍ និងគាំទ្រប្រទេសដែលនៅជុំវិញ ។
ក្រុម G7 ក៏នឹងជជែកគ្នាអំពីវិធីការពាររុស្សី ពីការគេចវេសពីទណ្ឌកម្មដែលបានដាក់ចេញ បន្ទាប់ពីការលុកលុយចូល ក្នុងប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា