ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី ចាំផ្ទះឧត្តមសេនីយ៍ ប្រាយុទ្ធថា លោកគោរពលទ្ធិប្រជាធិបតេយ្យ ខណៈមេបក្សមួយ ប្រកាសធ្វើ នាយករដ្ឋមន្ត្រីទី៣០ របស់ថៃ

បរទេស ៖ នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃ គឺ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានថ្លែងអំណរគុណចំពោះអ្នកបោះឆ្នោតសម្រាប់ការគាំទ្ររបស់ពួកគេ ហើយបាននិយាយថា លោកគោរពលទ្ធិប្រជាធិបតេយ្យ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ប្រាយុទ្ធ បាននិយាយនៅម៉ោង ១០យប់កាលពីថ្ងៃអាទិត្យ ខណៈដែលវាច្បាស់ថា គណបក្ស យូនាយធីត ថៃ ណេសិន (United Thai Nation ) របស់លោកបានរងបរាជ័យយ៉ាងខ្លំាង ក្រោមកណ្តាប់ដៃរបស់គណបក្ស មូវ ហ្វវើដ (Move Forward) និង គណបក្ស ភឿថៃ ដែលជាគណបក្សប្រឆាំង។

លោក ប្រាយុទ្ធ បានប្តេជ្ញាបន្តបំពេញភារកិច្ចរបស់ខ្លួន ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រពេញមួយជីវិត ស្របតាមទស្សនវិជ្ជា របស់គណបក្សរបស់លោក។

មេដឹកនាំរដ្ឋប្រហារឆ្នាំ ២០១៤ បាននិយាយថា លោកគោរពលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត ហើយសង្ឃឹមសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងប្រទេសថៃ។

ចំណែកមេដឹកនាំ UTN លោក ភីរ៉ាផាន់ សាលីរ៉ាត់ ថាវីបាកា ( Peeraphan Salirathavibhaga) បានបញ្ជាក់ថា ឧត្តមសេនីយ ប្រាយុទ្ធ នឹងបន្តធ្វើជាអ្នកយុទ្ធសាស្រ្តរបស់គណបក្ស ដោយបន្ថែមថា UTN នឹងគោរពការផ្លាស់ប្តូរអំណាចតាមបែបប្រជាធិបតេយ្យ។ លោក​បាន​និយាយ​ថា ការ​រំពឹង​ទុក​របស់​លោក​សម្រាប់​គណបក្ស​ដែល​មាន​អាយុ​ពីរ​ឆ្នាំ​របស់​លោក​មិន​មាន​ខ្ពស់​ក្នុង​ការ​ឈាន​ទៅ​បោះឆ្នោត​នោះ​ទេ។

មេដឹកនាំគណបក្ស Move Forward គឺ លោក ភីតា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) បានប្រកាសថា លោកត្រៀមខ្លួនធ្វើជា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ហើយ ខណៈដែលគណបក្ស របស់លោកបានទទួលជ័យជម្នះ ដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ខែឧសភា។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ភីតា អាយុ ៤២ឆ្នាំដែលសិក្សា នៅសាកលវិទ្យាល័យ ហាវ៉ាដ (Harvard) បានប្រកាសនៅលើ ធ្វីតធ័រ នៅម៉ោង ២ព្រឹកថ្ងៃច័ន្ទថា “សួស្តីបងប្អូនជនរួមជាតិថ្ងៃនេះ ខ្ញុំ ភីតា លឹមចារឿនរ៉ាត់ ច្បាស់ហើយ” រួចរាល់ហើយ” ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ។

លោកថា “យើងចែករំលែកក្តីស្រមៃ និងក្តីសង្ឃឹមដូចគ្នា ហើយយើងជឿថា ប្រទេសថៃដែលយើងស្រលាញ់អាចប្រសើរជាង។ ការផ្លាស់ប្តូរអាចធ្វើទៅបាន ប្រសិនបើយើងចាប់ផ្តើមធ្វើវាចាប់ពីថ្ងៃនេះ… ក្តីស្រមៃ និងក្តីសង្ឃឹមរបស់យើងគឺ ‘សាមញ្ញ និងត្រង់ទៅមុខ’។

លោកបន្តថា “ហើយមិនថាអ្នកយល់ព្រម ឬមិនយល់ស្របជាមួយខ្ញុំទេ ខ្ញុំនឹងធ្វើជានាយករដ្ឋមន្ត្រីរបស់អ្នក។ ទោះ​អ្នក​បោះឆ្នោត​ឲ្យ​ខ្ញុំ​ឬ​អត់ ខ្ញុំ​នឹង​បម្រើ​អ្នក»។

សូមជម្រាបថា ការរាប់សន្លឹកឆ្នោតក្រៅផ្លូវការគិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃច័ន្ទ (៩៩ភាគរយ បានបញ្ចប់) បានបង្ហាញថា គណបក្ស Move Forward បានឈ្នះ ១១២ អាសនៈ ក្នុងចំណោម ៤០០ អាសនៈ នៃសមាជិកសភា និង ១៤,១ លានសំឡេងសម្រាប់សមាជិកសភាក្នុងបញ្ជីបក្ស ដោយបានយកឈ្នះគណបក្ស ភឿថៃដែលមានអាសនៈចំនួន ១១២ ផងដែរ ប៉ុន្តែមានតែ ១០,៨ ប៉ុណ្ណោះនៃសន្លឹកឆ្នោតក្នុងបញ្ជីបក្ស៕

To Top