ព័ត៌មានអន្តរជាតិ

លោក គីស៊ីដា៖ G-7 នឹងលើកកម្ពស់ពិភពលោក ដោយគ្មានអាវុធនុយក្លេអ៊ែរ

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា មេដឹកនាំក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ នឹងបង្ហាញពីការតាំងចិត្តរបស់ពួកគេ ក្នុងការលើកកម្ពស់ពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ នៅពេលដែលពួកគេជួបគ្នានៅចុងសប្តាហ៍នេះនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។

លោក គីស៊ីដា បានឲ្យដឹងក្នុងអំឡុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន Kyodo News និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត នៅការិយាល័យនាយករដ្ឋមន្ត្រីថា G-7 “នឹងផ្ញើសារដ៏រឹងមាំមួយ ដើម្បីសម្រេចបានពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ ហើយនឹងបន្តទៅមុខជាលំដាប់ ជាមួយនឹងការខិតខំប្រឹងប្រែងជាក់ស្តែង” ។

លោក គីស៊ីដា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃសុក្រនៅក្នុងមណ្ឌលបោះឆ្នោតរបស់លោក នៃទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយគ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៤៥ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ុយក្រែន ក្នុងការឈ្លានពានរបស់ប្រទេសនេះ ដែលបន្តចាប់តាំងពីខែកុម្ភៈ ឆ្នាំមុន។

មេដឹកនាំ G-7 ត្រូវបានគេរំពឹងថា នឹងទៅទស្សនាសារមន្ទីរអនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ា ដែលត្រូវបានឧទ្ទិសដល់ឯកសារអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាលើកដំបូងរបស់ពិភព លោកក្នុងអំឡុងសង្គ្រាម និងជួបជាមួយអ្នករស់រានមានជីវិតពីគ្រាប់បែកបរមាណូ ដែលត្រូវបានគេស្គាល់ថា ហ៊ីបាគូសា នៅក្នុងប្រទេសជប៉ុន។

លោក គីស៊ីដា បានឲ្យដឹងថា “ការបង្ហាញពីការពិតនៃការវាយប្រហារនុយក្លេអ៊ែរ គឺមានសារៈសំខាន់ជាចំណុចចាប់ផ្តើម សម្រាប់កិច្ចខិតខំប្រឹងប្រែង រំសាយអាវុធនុយក្លេអ៊ែរទាំងអស់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោកបានបន្ដថា នៅថ្ងៃបើកកិច្ចប្រជុំកំពូល លោកនឹងស្វាគមន៍មេដឹកនាំនៃរដ្ឋសមាជិកនៃក្រុមនេះ រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បូករួមទាំងសហភាពអឺរ៉ុប នៅសួនអនុស្សាវរីយ៍សន្តិភាព ត្រូវបានសាងសង់ឡើង ក្នុងការចងចាំជនរង គ្រោះនៅជិតកន្លែង ដែលគ្រាប់បែកនុយក្លេអ៊ែរបានបំផ្ទុះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top