ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមបញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម បន្តចុះព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនព្រះសង្ឃ និងពលរដ្ឋ ក្នុងសង្កាត់សំបួរមាស

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពងចាម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាល ជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងបរិវេណសាលាបឋមសិក្សាបឹងបាសាក់ ស្ថិតក្នុងភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ។

បើតាមលោក សៅ សំបូ អនុប្រធានសមាគមនិស្សិតបញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន ២៩ នាក់ នាក់ ផ្នែកពិនិត្យជំងឺទូទៅ ១៨ នាក់ ផ្នែកពិនិត្យនិងដកធ្មេញ ៨ នាក់។ ផ្នែកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៣ នាក់ បន្ថែមក្រុមសម្របសម្រួលការងារ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិស្សិតបញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាមចំនួន ៥ នាក់ទៀត។

រីឯកម្មវិធីនៃការផ្តល់សេវាគឺមាន ពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅមនុស្សចាស់ និងកុមារ, ពិនិត្យ ពិគ្រោះជំងឺធ្មេញ ពិសេសដកធ្មេញ, ចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសជំរុញគឺចាប់ពីដូសទី៣។ ចំពោះពេលវេលានៃការពិនិត្យ ពិគ្រោះជំងឺគឺចាប់ពីម៉ោង ០៨៖៤៥នាទី រហូតដល់ម៉ោង ២ រសៀល។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ថ្ងៃនេះការចុះព្យាបាលជំងឺជូនព្រះសង្ឃ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺក្រុមគ្រូពេទ្យសុទ្ធតែមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ទៅតាមប្រភេទជំងឺដែលត្រូវផ្ដល់សេវា ដោយឥតគិតថ្លៃជូនក្នុងពេលនេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សុខភាព គឺជាបញ្ហាមួយដែលបងប្អូនប្រជាពលរដ្ឋយើង ត្រូវយកចិត្តទុកដាក់ ថែទាំជាប្រចាំ ពោលប្រសិនបើសុខភាពល្អ គឺជាការបង្កើនទ្រព្យ ប៉ុន្តែប្រសិនបើសុខភាពមិនល្អ វាគឺជាការបំផ្លាញទ្រព្យទៅវិញ។ ដូច្នេះ សូមបងប្អូនថែទាំសុខភាពឱ្យបានល្អ បើមានជំងឺល្មមៗប្រញាប់មក ពិនិត្យពិគ្រោះយោបល់ ឱ្យគ្រូពេទ្យព្យាបាលឱ្យបានទាន់ពេលវេលា ពីព្រោះឱកាសនេះ ប្រសិនបើគ្រូពេទ្យពិនិត្យទៅឃើញថា មានជំងឺធ្ងន់ធ្ងរ គឺអាចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយឥតគិតថ្លៃផងដែរ ៕

To Top