ព័ត៌មានអន្តរជាតិ

ចិន និងរុស្ស៊ី រំពឹងថា ពាណិជ្ជកម្មទ្វេភាគី នឹងឈានដល់ ២០០ ពាន់លានដុល្លារ នៅឆ្នាំនេះ

ប៉េកាំង ៖ ដំណើរទស្សនកិច្ច ទៅកាន់នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានចូលរួមវេទិកាធុរកិច្ចកម្រិតខ្ពស់ នៅទីក្រុងសៀងហៃ កាលពីថ្ងៃអង្គារ ហើយរំពឹងថា ពាណិជ្ជកម្មទ្វេភាគី រវាងចិន និងរុស្ស៊ី អាចឈានដល់គោលដៅ ២០០ពាន់លានដុល្លារ នៅឆ្នាំនេះ ហើយកិច្ចសហប្រតិបត្តិការ នឹងពង្រីកលើស ពីតំបន់ប្រពៃណី។

អ្នកជំនាញចិន បានហៅដំណើរទស្សនកិច្ចនេះថាជា “ដំណើរទស្សនកិច្ចជាប្រចាំ ” ដែលមានគោលបំណង ធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ ដែលនឹងជំរុញតម្រូវការអភិវឌ្ឍន៍ថ្មី របស់ប្រទេសទាំងពីរ ជាពិសេសនៅពេលដែលក្រុមតូច ដែលដឹកនាំដោយសហរដ្ឋអាមេរិក បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីហ៊ុំព័ទ្ធកំណើន សេដ្ឋកិច្ចរបស់ចិន និងរុស្ស៊ី ។

អ្នក​ជំនាញ​បាន​បន្ថែម​ថា គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​មិន​មែន ​ដើម្បី​សុំ​ជំនួយ​ពី​ប្រទេស​ចិននោះ​ទេ ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​កំពុង​តែ​បំភាន់ព័ត៌មាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន GlobalTime។

ក្រុមអ្នកសង្កេតការណ៍ចិន បានឲ្យដឹងថា ប្រទេសចិន និង រុស្ស៊ី ដែលខិតទៅជិតកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច មិនគួរត្រូវបានផ្សារភ្ជាប់ ជាមួយនឹងវិបត្តិអ៊ុយក្រែន ដែលកំពុងកើតមាននោះទេ ហើយក៏មិនគួរត្រូវបានគេមើលឃើញថា ជាប្រទេសចិន ងាកទៅរកភាគីជាក់លាក់ណាមួយឡើយ ដោយហៅការបកស្រាយ បែបនេះថាជាគំនិតចង្អៀត។

ពួកគេបានកត់សម្គាល់ថា ប្រទេសចិន មានសិទ្ធិជ្រើសរើសអ្នក ដែលត្រូវធ្វើការជាមួយ ដរាបណាកិច្ចសហប្រតិបត្តិការ មិនបំពានលើបទដ្ឋានអន្តរជាតិ។ ហើយជម្រើសបែបនេះ នឹងមិនត្រូវបានរំខានដោយសំឡេង ពីភាគីទីបីណាមួយឡើយ។

លោក Mishustin បានចុះចតកាលពីល្ងាចថ្ងៃចន្ទ ក្នុងទីក្រុងសៀងហៃ ជាកន្លែងដែលលោក ត្រូវបានទទួលស្វាគមន៍ នៅអាកាសយានដ្ឋាន ដោយឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំនៅប្រទេសចិន លោក Igor Morgulov និងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសរុស្ស៊ីលោក Zhang Hanhui ហើយលោក Mishustin កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ ​នៅ​ប្រទេស​ចិន​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា។

នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានផ្ញើលិខិតអបអរសាទរមួយនៅលើវេទិកាធុរកិច្ចចិន-រុស្ស៊ី កាលពីថ្ងៃអង្គារ ដែលក្នុងនោះលោក Li បានលើកឡើងថា វេទិកានេះជាជំហាន ដ៏សំខាន់មួយ ដើម្បីអនុវត្តការឯកភាពគ្នា របស់មេដឹកនាំ នៃប្រទេសទាំងពីរ ហើយថាប្រទេសចិន មានឆន្ទៈពង្រីក កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយរុស្ស៊ី ក៏ដូចជាលើកកម្ពស់បរិមាណ និងគុណភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោក Li បានសង្កត់ធ្ងន់ថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ ទៅវិញទៅមកជាមួយ បណ្តាប្រទេសជុំវិញពិភពលោក រួមទាំងរុស្ស៊ី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកបើកចំហ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយគុណភាពខ្ពស់ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីបញ្ចូលភាពប្រាកដប្រជា និងកម្លាំងជំរុញ ដល់សេដ្ឋកិច្ចពិភពលោក។

យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ នាយករដ្ឋមន្ត្រីរុស្ស៊ី ក៏គ្រោងនឹងធ្វើទស្សនកិច្ចនៅវិទ្យាស្ថាន ស្រាវជ្រាវគីមីឥន្ធនៈ នៅទីក្រុងសៀងហៃ ព្រមទាំងជួបពិភាក្សាជាមួយ “អ្នកតំណាងនៃរង្វង់អាជីវកម្មរុស្ស៊ី” ផងដែរ ៕

To Top