ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីចាំផ្ទះ ចេញមកនិយាយបន្ធូរបន្ថយ ការភ័យខ្លាច ជុំវិញការផ្ទេរអំណាច ទៅឱ្យរដ្ឋាភិបាលថ្មី

បរទេស ៖ នាយករដ្ឋមន្ត្រីជិតផុតអាណត្តិ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារ បានធានា ចំពោះប្រជាជាតិ អំពីការផ្លាស់ប្តូរអំណាច ដោយរលូនពីរដ្ឋាភិបាល ចាំផ្ទះទៅរដ្ឋាភិបាលថ្មី ដោយបន្ថែមថា វិធានការគ្រប់គ្រាន់កំពុងត្រូវ បានរក្សាដើម្បីពង្រឹងសេដ្ឋកិច្ច ក្នុងអំឡុងពេលដំណើរការនេះ ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកឧត្តមសេនីយ ប្រាយុទ្ធ បាននិយាយថា “ដោយសារប្រទេសនឹងត្រូវដើរទៅមុខ យើងត្រូវតែបន្តធ្វើការដើម្បីថែរក្សាប្រជាជន ខណៈពេលដែលនៅតែរង់ចាំរដ្ឋាភិបាលថ្មីមកដល់។

លោកនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យភាគីទាំងអស់ ជៀសវាង ការបំភិតបំភ័យ ដោយបង្កើតសេណារីយ៉ូ ដ៏គួរឱ្យភ័យខ្លាចអំពីស្ថានការណ៍ នយោបាយដែលអាចធ្វើឲ្យសាធារណជន មានការខកចិត្ត ។

គាត់បាននិយាយថា “សូមកុំបង្កើតបញ្ហាបន្ថែមទៀត។ ខ្ញុំខ្លួនឯងជាធម្មតាមិនមានបញ្ហាជាមួយភាគីណាមួយទេ ហើយខ្ញុំគោរពដំណើរការប្រជាធិបតេយ្យ [ដែលកំពុងបន្ត]” ។

ចំពោះការព្រួយបារម្ភអំពីតម្រូវការក្នុងការបន្ត ជំរុញសេដ្ឋកិច្ចរបស់ប្រទេសក្នុងអំឡុង ពេលផ្លាស់ប្តូរពីរដ្ឋាភិបាល ចាំផ្ទះទៅរដ្ឋាភិបាលថ្មីនោះ ឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា វិធានការគ្រប់គ្រាន់ គឺត្រូវបានដាក់ដើម្បីគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច ។

ទោះបីជាយ៉ាងណា ក៏ដោយ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា ប្រទេសថៃ នៅតែមានស្ថានភាពហិរញ្ញវត្ថុល្អ បើទោះបីជាមានភាព មិនច្បាស់លាស់ផ្នែកនយោបាយខ្លះ ក៏ដោយ ហើយភាគីទាំងអស់គួរតែរួមដៃគ្នា ទប់ស្កាត់ស្ថានការណ៍ពីការវិវត្តទៅជាបញ្ហាធ្ងន់ធ្ងរបន្ថែមទៀត។

ឧត្តមសេនីយ បា្រយុទ្ធ ក៏បាននិយាយផងដែរថា រឿងតែមួយគត់ដែលលោករំពឹងថា នឹងឃើញកើតឡើង គឺសន្តិភាពនៅក្នុងប្រទេស ហើយក្នុងនាមជា នាយករដ្ឋមន្ត្រីចាំផ្ទះ លោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញកាតព្វកិច្ច របស់គាត់រហូតដល់រដ្ឋាភិបាលថ្មី ចូលកាន់តំណែង៕

To Top