វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ សេតវិមានបានឲ្យដឹងថា លោក ចូ បៃដិន ប្រធានាធិបតី បានជ្រើសរើសមេទ័ពអាកាសអាមេរិក គឺ ឧត្តមសេនីយ Charles Q. Brown ឲ្យធ្វើជាមន្ត្រីយោធាកំពូលរបស់សហរដ្ឋអាមេរិក ដោយលើកកម្ពស់អតីតអ្នកបើកយន្តហោះចម្បាំង ដែលមានបទពិសោធន៍នៅមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងពេលមានភាពតានតឹងកើនឡើងជាមួយនឹងប្រទេសចិន ។
លោក Brown ដែលការតែងតាំងដែលរំពឹងទុកជាយូរមកហើយគឺស្ថិតនៅក្រោមការបញ្ជាក់របស់ព្រឹទ្ធសភានឹងគ្រាន់តែជាមន្ត្រីស្បែកខ្មៅទី២ដែលក្លាយជាប្រធានអគ្គសេនាធិការចម្រុះបន្ទាប់ពីលោក Colin Powell កាលពី២ទសវត្សរ៍មុន ។
កាលវិភាគផ្លូវការរបស់ លោក បៃដិន សម្រាប់ថ្ងៃពុធបានឲ្យដឹង “នៅពេលរសៀល ប្រធានាធិបតីនឹងប្រកាសពីចេតនារបស់គាត់ក្នុងការតែងតាំងឧត្តមសេនីយ៍ Charles Q. Brown, Jr. ឱ្យធ្វើជាប្រធានបន្ទាប់នៃអគ្គសេនាធិការចម្រុះ” ។
ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីលោក បៃដិន តែងតាំងលោក Lloyd Austin ឱ្យក្លាយជារដ្ឋមន្ត្រីការពារជាតិអាមេរិកស្បែកខ្មៅដំបូងគេ ដែលជាតំណែងកំពូលជនស៊ីវិលនៅមន្ទីរបញ្ចកោណ ។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ បៃដិន បានឲ្យដឹងថា លោក បៃដិន បានទទួលយកអនុសាសន៍របស់លោក Austin ក្នុងការជ្រើសរើសលោក Brown សម្រាប់តំណែងនេះ ដោយជឿថា គាត់ “យល់ពីបញ្ហាប្រឈមជាយុទ្ធសាស្រ្តដែលសហរដ្ឋអាមេរិកប្រឈមមុខជុំវិញពិភពលោក” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា