តូក្យូ ៖ កងទ័ពជើងទឹកអាមេរិក បានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតសមាជិកនាវិក ជាច្រើននាក់ នៃនាវាផ្ទុកយន្តហោះ Ronald Reagan ដែលមានទីតាំងនៅទីក្រុង Yokosuka ក្បែរទីក្រុងតូក្យូ ជុំវិញការសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន។
មន្ត្រីកងទ័ពជើងទឹកម្នាក់ បានឲ្យដឹងថា “យើងយករបាយការណ៍ទាំងអស់ នៃការប្រព្រឹត្តិខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ហើយកំពុងធ្វើការជាមួយ ភ្នាក់ងារអនុវត្តច្បាប់ជប៉ុន” ។ ការស៊ើបអង្កេតកំពុងស្ថិត ក្នុងដំណាក់កាលដំបូង ហើយគេមិនទាន់ដឹងច្បាស់ថា តើថ្នាំប្រភេទណា ដែលត្រូវប្រើប្រាស់ និងចំនួនអ្នកពាក់ព័ន្ធនោះទេ ។
នាវាផ្ទុកយន្ដហោះ Ronald Reagan ត្រូវបានគេជឿថា បានចាកចេញពីមូលដ្ឋាន របស់ខ្លួនកាលពីថ្ងៃអង្គារ សម្រាប់បេសកកម្មល្បាតរយៈពេលវែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនក្យូដូជប៉ុន ។
ក្នុងឆ្នាំ២០១៨ នាវិកកងទ័ពជើងទឹក អាមេរិកម្នាក់ ដែលត្រូវបានចាត់ឱ្យទៅនាវាផ្ទុកយន្ដហោះ Ronald Reagan ត្រូវបានបញ្ជូនទៅកាន់រដ្ឋអាជ្ញាជប៉ុន ពីបទរត់ពន្ធគ្រឿងញៀន តាមសំបុត្រអន្តរជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា