ព័ត៌មានអន្តរជាតិ

Update ៖ ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines ចុះចតដោយសុវត្ថិភាព ក្រោយមានករណីរបើកទ្វារភ្លាមៗ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines បានចុះចត ដោយសុវត្ថិភាពនៅទីក្រុង Daegu របស់កូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បន្ទាប់ពីទ្វារយន្តហោះ បានរបើកភ្លាមៗមុនពេល ទៅដល់អាកាសយានដ្ឋាន ។

យន្តហោះដែលផ្ទុកមនុស្ស១៩៤នាក់ បានចុះចតនៅអាកាសយានដ្ឋាន Daegu នៅម៉ោងប្រហែល១២និង៤០នាទីយប់ ត្រូវនឹងម៉ោង១១និង៤០នាទីព្រឹក ម៉ោងនៅប្រទេសសិង្ហបុរី បន្ទាប់ពីចាកចេញពីកោះ Jeju រយៈពេល១ម៉ោងមុននេះ នៅក្នុងតារាងជើងហោះហើរ របស់ព្រលានយន្តហោះ ដែលបានបង្ហាញឲ្យដឹង ។

អ្នកនាំពាក្យក្រុមហ៊ុនបានឲ្យដឹងថា គ្មាននរណាម្នាក់រង របួសទេ ប៉ុន្តែអ្នកដំណើរមួយចំនួន ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយមានបញ្ហាដង្ហើមដោយសារការឆក់ ។

មន្ត្រីនាយកដ្ឋានពន្លត់អគ្គីភ័យ Daegu បានឲ្យដឹងថា មនុស្ស៩នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Asiana បានឲ្យដឹងថា អាជ្ញាធរកំពុងស៊ើបអង្កេតពីរបៀបដែលទ្វាររបើកដូច្នេះ ។

ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ បានផ្សព្វផ្សាយថា អ្នកដំណើរប្រុសម្នាក់អាយុ៣០ឆ្នាំ ត្រូវបានប៉ូលិសឃាត់ខ្លួន ដោយសង្ស័យថា ព្យាយាមធ្វើឲ្យទ្វាររបើក ខណៈយន្តហោះកំពុងរៀបចំចុះចត ដោយបន្ថែមថា វាមិនច្បាស់ពីមូលហេតុ ដែលបុរសនោះធ្វើដូច្នេះនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top