តេហរ៉ង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ អ៊ីរ៉ង់ បានវាយតបវិញដោយពាក្យសម្តី ទៅកាន់ប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelenskyy ដោយបានឲ្យដឹងថា ការរចោទប្រកាន់របស់លោកថា សាធារណរដ្ឋឥស្លាម កំពុងផ្តល់អាវុធដល់រុស្ស៊ី គឺជាការប៉ុនប៉ង ដើម្បីទទួលបានការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់លោកខាងលិច តែប៉ុណ្ណោះ ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ លើកម្មវិធីយន្តហោះគ្មានមនុស្សបើក របស់ខ្លួន ដោយចោទប្រកាន់ថា ខ្លួនបានផ្តល់យន្តហោះគ្មានមនុស្សបើក ដល់ក្រុងម៉ូស្គូ នៅកំឡុងពេលរុស្ស៊ី លុកលុយអ៊ុយក្រែន ដែលនេះជាការចោទប្រកាន់ ដែលក្រុងតេហរ៉ង់បដិសេធ ។
គួររំលឹកថា កាលពីថ្ងៃពុធ នៅក្នុងអំឡុងពេលសុន្ទរកថា ប្រចាំថ្ងៃរបស់គាត់ លោក Zelenskyy បានថ្លែងថា “ការគាំទ្រចំពោះអំពើអាក្រក់របស់ទីក្រុង តេហរ៉ង់ង មិនអាចបដិសេធបានទេ” ហើយបានអំពាវនាវ ដោយផ្ទាល់ ទៅប្រជាជនអ៊ីរ៉ង់ដោយសួរថា “ហេតុអ្វីបានជាអ្នកចង់ក្លាយជា អ្នកសមគំនិតក្នុងភេរវកម្មរុស្ស៊ី?” ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បានឲ្យដឹងឹថា “ពាក្យដដែលៗនៃការអះអាងមិនពិត” របស់លោក Zelensky ប្រឆាំងនឹងសាធារណរដ្ឋឥស្លាមគឺ “សមស្របនឹងការឃោសនា និងសង្គ្រាមប្រព័ន្ធផ្សព្វផ្សាយ នៃការប្រឆាំងអ៊ីរ៉ង់” ។
លោក Kanani បានលើកឡើងថា “អ៊ុយក្រែន ធ្វើបែបនេះក្នុងគោលបំណងទាក់ទាញ ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុពីបណ្តាប្រទេសលោកខាងលិច តាមដែលអាចធ្វើទៅបាន” ៕
ដោយ៖ ម៉ៅ បុប្ផាមករា