ព័ត៌មានអន្តរជាតិ

សភាជាតិអ៊ុយក្រែន គាំទ្រដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ រយៈពេល៥០ឆ្នាំ

បរទេស៖ សមាជិកសភាលោក Oleksii Honcharenko កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយនៅលើបណ្តាញ Telegram ថាសភាអ៊ុយក្រែនបានឈានទៅដល់ ការសម្រេចចិត្តអនុម័តសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិហៅកាត់ថា NSDC ដើម្បីដាក់ទណ្ឌកម្មលើ ប្រទេសអ៊ីរ៉ង់រយៈពេល៥០ឆ្នាំ។

ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានសរសេរដែរថា ទណ្ឌកម្មប្រឆាំងដែលត្រូវបានស្នើសុំ ទៅឲ្យសភាជាតិដោយប្រធានាធិបតីលោក Vladimir Zelensky ត្រូវបានទទួលការគាំទ្រដល់ទៅ ៣២៨សម្លេង ខណៈដែលការសម្រេចចិត្តត្រូវការតែ យ៉ាងហោចណាស់២២៦ប៉ុណ្ណោះ។

ទណ្ឌកម្មដែលគេអាចមើលឃើញ មានទាំងការគ្រប់គ្រងធនធាន នៃការធ្វើដំណើរច្រើនប្រភេទរួមទាំង ការហោះហើរការធ្វើដំណើរតាមផ្លូវដែក នៅក្នុងប្រទេសអ៊ុយក្រែន ដោយពលរដ្ឋជនជាតិអ៊ីរ៉ង់។

គួរឲ្យដឹងដែរថា កាលពីដើមខែនេះ លោក Zelensky បាននិយាយថា អ៊ីរ៉ង់កំពុងផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ប្រយុទ្ធដល់ប្រទេសរុស្ស៊ី ដែលត្រូវបានប្រើក្នុងការ វាយប្រហារប្រឆាំងនឹងអ៊ុយក្រែន៕

ប្រែសម្រួល៖ ស៊ុន លី

To Top