កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំង នៅសាលានគរបាលភូមិភាគ ២ ស្ថិតនៅក្នុងភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ដើម្បីរៀបចំកម្មវិធីសម្ពោធសមិទ្ធផលនានា ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង នាពេលឆាប់ៗខាងមុខនេះ ។
បើតាមវរសេនីយ៍ទោ ហុង សុផា នាយករង សាលានគរបាលភូមិភាគ ២ បានឲ្យដឹងថា សមិទ្ធផលដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង នាពេលខាងមុខឆាប់ៗ នេះមានដូចជា ផ្លូវបេតុងជាច្រើនខ្សែ ក្នុងបរិវេណសាលា ដែលជាអំណោយ របស់រដ្ឋបាល ខេត្តកំពង់ចាម និងអាគារស្នាក់នៅ របស់សិស្សនគរបាលចំនួន ២ កន្លែងផងដែរ ក្នុងនោះអាគារ ១ ជាអំណោយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ និងអាគារ ១ ទៀតជាអំណោយរបស់រដ្ឋបាលខេត្តស្វាយរៀង ។
វរសេនីយ៍ទោ ហុង សុផា បានឱ្យដឹងទៀតថា ទន្ទឹមនិងការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នេះ ក៏ត្រូវប្រារព្ធពិធីបិទវគ្គ បណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈ នគរបាលជំនាន់ទី ១៧ កម្រិតទី ១ ផងដែរ ៕