ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដំណើរការបោះពុម្ពសន្លឹកឆ្នោតហើយ គឺមិនដើរថយក្រោយ ព្រោះតែគណបក្សមួយ ឬពីរបក្សនោះទេ ទោះបីតវ៉ាយ៉ាងណាក៏ដោយ។
នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាថ្ងៃ៣១ ឧសភា សម្ដេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «គេ (គ.ជ.ប) បានបោះពុម្ពសន្លឹកឆ្នោតហើយ គេអត់ថយក្រោយដោយសារ ម្នាក់ ឬពីរនាក់ ម៉ាបក្ស ឬពីរបក្សទេ គេអត់ថយក្រោយទេ ទោះបីតវ៉ាដល់ងាប់ខ្លួនទៅទៀត ក៏គ្មានអ្នកគេធ្វើដែរ»។
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើ ការចុះបញ្ជីរបស់គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ដោយឡែក គណបក្សភ្លើងទៀត និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធក្នុងការចុះបញ្ជី។ ចំពោះការចាប់លេខរៀង គណបក្សនយោបាយទាំង១៨ នោះ គណបក្សប្រជនកម្ពុជា បានលេខរៀងទី១៨ ៕