ភ្នំពេញ ៖ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានបញ្ជាក់ថា គណបក្សប្រឆាំង បានកំពុងតែប្រើល្បិចកល ដើម្បីនាំប្រទេស ឲ្យមានសង្គ្រាមកើតឡើង និងបានប្រកាសគាំទ្រ ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការ របស់ក្រុមប្រឆាំង ដែលមានបំណងប្រឆាំង ទៅនិងការរៀបចំការបោះឆ្នោតនៅកម្ពុជា ។
ការប្រកាសគាំទ្រនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្សកម្ពុជា បានអំពាវនាវឲ្យសមត្ថកិច្ចត្រៀមចាប់វិធានការ ចំពោះអ្នកប្រមូលផ្តុំ តាមការរៀបចំរបស់ក្រុមប្រឆាំង ដែលប្រឆាំងនឹងដំណើរការរៀបចំ ការបោះឆ្នោតដាក់ពន្ធនាគារ ។
ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃ៣១ ឧសភា លោកស្រី ពោធិតី សាវត្ថី មិនគាំទ្រ ចំពោះការប្រមូលកំលាំង ដើម្បីធ្វើបាតុកម្មប្រឆាំងគ.ជ.បនោះទេ ។ លោកស្រីក៏បានគាំទ្រ ចំពោះការបដិសេធ របស់គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀន ចូលរួមបោះឆ្នោត ដោយសារគណបក្ស នេះមិនគោរពច្បាប់ ។
លោកស្រីថា «នៅក្នុងច្បាប់ ក៏មិនមានចែងថា ទាល់តែមានគណបក្សប្រឆាំងឬឈ្មោះគណបក្ស«ក» គណបក្ស«ខ» ទើបដំណើរការរៀបចំបោះឆ្នោត ប្រកបដោយលិទ្ធប្រជាធិបតេយ្យនោះទេ គឺវាមិនដែលមានទេ ។ បើអ្នកនិយាយបែបនេះ សូមយកច្បាប់មកអះអាងមកបញ្ជាក់»។
ជាមួយគ្នានោះដែរ ប្រធានគណបក្សធម្មាធិបតេយ្យ ដែលបានប្រកាសលាលែងពីសញ្ជាតិហូឡង់បានអះអាងថា អ្វីដែលគណបក្សភ្លើងទៀនកំពុងធ្វើនេះ គឺជាល្បែងហ្គេមដោយស្តាប់ការបញ្ជាពីប្រទេសមហាអំណាចមួយ ដើម្បីធ្វើឲ្យកម្ពុជាមានសង្គ្រាមដូចនៅរុស្ស៊ី និងអ៊ុយក្រែន។
លោកស្រីគូសបញ្ជាក់ថា «គាត់(បក្សភ្លើងទៀន) កំពុងលេងល្បែងហ្គេមនាំប្រទេសខ្មែរ ឲ្យក្លាយដូចជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអីចឹង។ ខ្ញុំមិនចង់ឃើញ សម្តេចតេជោចរចា ជាមួយគណបក្សភ្លើងទៀននោះទេ» ។
លោកស្រីក៏បានស្នើឲ្យសម្តេចតេជោ ប្រុងប្រយ័ត្នចំពោះឧបាយកល របស់ក្រុមប្រឆាំងព្រោះពួកគេកំពុងចង់ នាំប្រទេសឲ្យមានសង្គ្រាមជាថ្មី ដូច្នេះសុំកុំឲ្យមានសង្គ្រាមជាលើកទី២ ដោយសារកម្ពុជាឆ្លងកាត់សង្គ្រាមយ៉ាងជូរចត់ហើយ ។
លោកស្រីបានលើកឡើងទៀតថា លោកស្រីមិនគាំទ្រ ឲ្យមានការប្រមូលផ្តុំគ្នា របស់ក្រុមប្រឆាំងនោះទេ ។ គណបក្សប្រឆាំងបានកំពុងប្រើល្បិចមួយ ដើម្បីបង្កើតឲ្យមានកលយុគកើតឡើងនៅកម្ពុជា។ លោកស្រីក៏បានអះអាងថា អ្វីដែលក្រុមប្រឆាំងធ្វើនោះ បានកំពុងតែប្រឆាំងនឹងច្បាប់នៅកម្ពុជាតែម្តង។
លោកស្រីបញ្ជាក់ថា «គោលនយោបាយ របស់គេគឺគេមិនឲ្យយើងធ្វើការបោះឆ្នោតទេ ! គេនឹងធ្វើអីចឹងដើម្បីអំណាចរបស់គេ។ តែយ៉ាងណាខ្ញុំសូមអំពាវនាវ ដល់សមត្ថកិច្ចក្រសួង ពាក់ព័ន្ធពិសេសនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវទប់ស្កាត់រាល់វិធានការ ទាំងអស់ឲ្យខានតែបាន មិនថាប្រើគ្រប់វិធីសាស្ត្រ ណានោះទេ»៕