បរទេស ៖ ការិយាល័យអន្តោប្រវេសន៍ថៃ បានប្រកាសពីការចាប់ខ្លួនបាន អ្នកលាងលុយកខ្វក់ តាមប្រព័ន្ធទូរស័ព្ទជនជាតិចិនម្នាក់ និងជនសង្ស័យគ្រឿងញៀនម្នាក់ទៀតមកពីប្រទេសកូរ៉េខាងត្បូង ។ ការតាមចាប់ខ្លួនជនជាតិឈ្មោះ Xu Wei អាយុ ៤០ឆ្នាំ និងឈ្មោះ Kim Junbeom អាយុ ២៦ ឆ្នាំត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារ Briton Grand ក្នុងទីក្រុង Pattaya កាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១ ខែសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្នងការ នៃការិយាល័យអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ Pakphumpipat Sajjaphan បានប្រាប់សន្និសីទសារព័ត៌មានថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានចោទប្រកាន់ថា ជាសមាជិកនៃក្រុមឧក្រិដ្ឋជនឆ្លងដែន ហើយត្រូវបានចាប់ខ្លួនតាមដីការបស់ប៉ូលិស អាំងទ័រប៉ូល ។
ប្រធានផ្នែកអន្តោប្រវេសន៍ថៃ បាននិយាយថា លោក Wei ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ចំនួន ២,៥ពាន់លានបាត តាមការឆបោកតាមទូរស័ព្ទ ដែលធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា។
លោកបាននិយាយថា ការិយាល័យបានពិនិត្យ ហើយបានរកឃើញថា Wei បានចូលប្រទេសថៃ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ ជាមួយនឹងទិដ្ឋាការទេសចរណ៍ ហើយបានលាក់ខ្លួននៅខុនដូមួយក្នុងទីក្រុងប៉ាតាយ៉ា ជាកន្លែង ដែលគាត់ត្រូវបានចាប់ខ្លួន។ កាលបរិច្ឆេទនៃការចាប់ខ្លួនមិនត្រូវបានផ្តល់ឱ្យទេ ។
ប្រធានផ្នែកអន្តោប្រវេសន៍បាននិយាយទៀតថា លោក Wei ត្រូវបានចាប់ខ្លួនតាមដីកាចាប់ខ្លួននៅក្នុងប្រទេសចិន ហើយទិដ្ឋាការរបស់គាត់ត្រូវបានបញ្ចប់។
Wei ត្រូវបានគេសង្ស័យថាបានលាងលុយឱ្យក្រុមក្មេងទំនើងទៅជា bitcoins និងបានផ្ញើប្រាក់ឌីជីថលត្រឡប់ទៅប្រទេសចិនដើម្បីទិញមាសនិងអចលនទ្រព្យផ្សេងទៀត៕
ប្រែសម្រួលៈ ណៃ តុលា