ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ុយក្រែន ថា អ៊ុយក្រែន​ ត្រៀម​ខ្លួន​ជា​ស្រេច​ ដើម្បី​បើក​ការ​វាយលុក​ លើរុស្ស៊ី

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានប្រាប់កាសែត Wall Street Journal (WSJ) នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែន​បាន​ត្រៀម​ខ្លួន​ ជា​ស្រេច​ដើម្បី​បើក​ការ​វាយលុក​លើរុស្ស៊ី ដែល​រង់ចាំ​ជា​យូរ​មក​ហើយ។ យ៉ាងណាក៏ដោយ លោក​មិន​បាន​បង្ហាញ​ កាលបរិច្ឆេទ​ ច្បាស់លាស់​ទេ ប៉ុន្តែ​បាន​និយាយ​ថា ក្រុង​កៀវ​មិន​អាច «​រង់ចាំ​រាប់​ខែ​ទៀត​ បានទេ»។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Zelensky បានសារភាពថា ប្រតិបត្តិការនេះទំនងជាធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរលើកងទ័ពអ៊ុយក្រែន ហើយប្រហែល ជាមិនដំណើរការដូចការគ្រោងទុកនោះទេ ដោយលោកបន្ថែមថា ឧត្តមភាពដែនអាកាសរបស់រុស្ស៊ីនឹងមានន័យថា កងកម្លាំងរបស់ទីក្រុងគៀវ នឹងត្រូវប្រឈមមុខនឹងការបាញ់ពីសត្រូវ។

លោក Zelensky បាននិយាយទៀតថា “ខ្ញុំមិនដឹងថាតើវាត្រូវចំណាយពេលប៉ុន្មានទេ” ដោយបានអត្ថាធិប្បាយលើពេលវេលាសក្តានុពលនៃប្រតិបត្តិការនេះ។ លោក​បាន​បន្ថែម​ថា​ «​វា​អាច​ទៅ​តាម​របៀប​ផ្សេង​គ្នា​ទាំង​ស្រុង​»។

ប្រធានាធិបតី​បាន​ទទួល​ស្គាល់​ថា បរិក្ខារ​យោធា និង​សព្វាវុធ​ដែល​ផ្គត់ផ្គង់​ដល់​អ៊ុយក្រែន​ដោយ​អ្នក​គាំទ្រ​លោក​ខាង​លិច​នៅ​តែ​មិន​គ្រប់​គ្រាន់​។ លោក​ថា «​យើង​ចង់​មាន​របស់​ជាក់លាក់ ប៉ុន្តែ​យើង​មិន​អាច​រង់ចាំ​រាប់​ខែ​នោះ​ទេ​»​៕

ប្រែសម្រួលៈ ណៃ តុលា

To Top