ព័ត៌មានជាតិ

ជំងឺគ្រុនឈាម ធ្វើឲ្យកុមារម្នាក់ បត់ជើងធំមានឈាមខ្មៅ បាត់ជីពចរ៧ដង

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីការសង្រ្គោះជីវិតកុមារីម្នាក់អាយុ ៥ឆ្នាំ មកពីភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ក្រោយកុមារជំងឺគ្រុនឈាមបានធ្វើឲ្យលាមកមានឈាមខ្មៅ បាត់ជីពចររហូតទៅដល់៧ដង អមដោយគ្រុនក្តៅ ក្អួតចង្អោរ ឈឺពោះ។ នេះបើតាមផេក មូលនិធិគន្ធបុប្ផាកម្ពុជា ផ្សាយនាថ្ងៃ៥ មិថុនា ។

បើតាមប្រភពដដែលបញ្ជាក់ថា បន្ទាប់ពីកុមារីខាងលើ មានអាការៈគ្រុនក្តៅ ក្អួតចង្អោរ ឈឺពោះ រយៈពេល៤ថ្ងៃ និងបានព្យាបាលនៅមណ្ឌល សុខភាពដោយបានចាក់ថ្នាំ និងដាក់សេរ៉ូមអស់៥ប្លោក មិនធូរស្បើយហើយមានអាការសន្លឹម ម្តាយក៏សម្រេចចិត្តបញ្ជូន កូនមកព្យាបាលបន្តនៅមន្ទីរ ពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣។

ពេលមកដល់មន្ទីរ ពេទ្យគន្ធបុប្ផាសៀមរាបកុមារីរូបនេះ មានសភាពធ្ងន់ធ្ងរសន្លឹម បត់ជើងធំមានឈាម បាត់ជីពចររហូតដល់៧ដង និងបានជួយសង្គ្រោះ ដោយប្រើសេរ៉ូម ដាក់អុកស៊ីសែន បញ្ចូលឈាម២ប្លោក និងប្លាស្មា១០ប្លោក និងពិនិត្យតាមដានដោយយកចិត្តទុក ដាក់រយៈពេល១០ថ្ងៃឃើញថា ក្មេងបានធូរសះស្បើយ និងបានអនុញ្ញាតឲ្យ ចេញពីមន្ទីរពេទ្យនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានលើកឡើង ពីការបរិច្ចាគរបស់លោកអ្នក គឺជាការចូលរួមចំណែក យ៉ាងធំធេងក្នុងប្រតិបត្តិ្កការសង្រ្គោះ ជីវិតកុមារគ្រប់រូបនៅមន្ទីរពេទ្យគន្ធបុប្ផា ។
ដើម្បីចូលរួមអបអរសាទរ “ទិវាកុមារអន្តរជាតិ ១ មិថុនា” ឆ្នាំ២០២៣ មូលនិធិគន្ធបុប្ផាកម្ពុជា បានចេញយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ដោយត្រឹមតែ១ថ្ងៃបន្ទាប់ពីការ ប្រកាសបើកការបរិច្ចាគ បានទទួលថវិកាពីសប្បុរសជន នានាចំនួន៥២ម៉ឺនដុល្លារ ។ ទន្ទឹមនឹងនេះដែរ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកា១លានដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ ៕

To Top