ព័ត៌មានអន្តរជាតិ

OPEC + កែសម្រួល​គោលដៅ​ទិន្នផលប្រេង ៤០លានបារ៉ែលក្នុងមួយថ្ងៃ ​សម្រាប់​ឆ្នាំ២០២៤

វីយែន៖ អង្គការនៃប្រទេសនាំ ចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ ​បានយល់ព្រមកែសម្រួលកម្រិត ផលិតកម្មសរុបរបស់ពួកគេ ដល់ ៤០,៤៦លានបារ៉ែលក្នុងមួយថ្ងៃ នៅឆ្នាំក្រោយ។

សម្ព័ន្ធអ្នកផលិតប្រេង បានប្រកាសការសម្រេចចិត្តនៅក្នុង សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីលើកទី៣៥ នៃអង្គការ OPEC+ ដែលបានធ្វើឡើងនៅទីក្រុងវីយែន កាលពីព្រឹកមិញ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ OPEC+ បានរំលឹកឡើងវិញនូវការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បី “សម្រេចបាន និងនិរន្តរភាពទីផ្សារប្រេង ដែលមានស្ថិរភាព និងផ្តល់ការណែនាំរយៈពេលវែង សម្រាប់ទីផ្សារ”។

កាលពីខែតុលា ឆ្នាំមុន OPEC + បានកាត់បន្ថយគោលដៅផលិតកម្មរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ (ចន្លោះខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៣) មកត្រឹម ៤១,៨៦ លានបារ៉ែលក្នុងមួយថ្ងៃ។ នៅក្នុងខែមេសា ឆ្នាំនេះ សម្ព័ន្ធភាពបានប្រកាសកាត់បន្ថយទិន្នផលដោយស្ម័គ្រចិត្តបន្ថែមទៀតចំនួន ១,៦៦លានបារ៉ែលក្នុងមួយថ្ងៃបន្ថែមទៀត។

ការសម្រេចចិត្តចុងក្រោយ របស់ OPEC+ បានកើតឡើងចំពេលដែលតម្លៃប្រេងធ្លាក់ ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ការកាត់បន្ថយផលិតកម្ម ដ៏គួរឱ្យភ្ញាក់ផ្អើល របស់សម្ព័ន្ធភាព នៅដើមខែមេសា បានជំរុញឱ្យតម្លៃប្រេងឡើង ដល់លើសពី ៨៥ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ប៉ុន្តែតម្លៃបានធ្លាក់ ចុះយ៉ាងឆាប់រហ័ស ហើយបាន និងកំពុងឡើងមកត្រឹមតែលើសពី ៧០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រោមសម្ពាធពីការព្រួយបារម្ភ អំពីទស្សនវិស័យសេដ្ឋកិច្ច និង តម្រូវការ៕

ប្រែសម្រួល ឈូក ​បូរ៉ា

To Top